(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ចាលីណា ផតធឺ (Jalina Porter) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសចិននិងរុស្ស៊ីគួរតែណែនាំកូរ៉េខាងជើងឱ្យចៀសវាង «ការបង្កហេតុ» បន្ថែមទៀត បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបន្តការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឡើងវិញ ក្នុងសប្តាហ៍នេះ។ នេះបើការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

កំលុងសន្និសីទព័ត៌មានមួយ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបាញ់តេស្តមីស៉ីលរបស់កូរ៉េខាងជើង លោកស្រី Porter បានលើកឡើងថា «ការតេស្តមីស៊ីលផ្លោងនាពេលថ្មីៗនេះ គឺជាការបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ យើងទទូចឲ្យប្រទេសទាំងអស់ធ្វើសកម្មភាព ដើម្បីឲ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ និងអំពាវនាវឲ្យកូរ៉េខាងជើងវិលមកកាន់តុចរចាវិញ»

លោកស្រី Porter បានបញ្ជាក់ថា លោកស្រីមិនអាចធ្វើការអត្ថាធិប្បាយអំពី គោលជំហររបស់ចិននិងរុស្ស៊ីឡើយ ប៉ុន្តែលោកស្រីបន្ថែមដូច្នេះថា «យើងស្ថិតក្នុងដំណាក់កាលដំបូង នៃការពិគ្រោះយោបល់លើបញ្ហានេះ។ យ៉ាងណាក្តី វាជាស្ថានការណ៍វិវឌ្ឍ ដែលគួរតែជាក្តីកង្វល់សម្រាប់គ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលមានព្រំដែន ជាប់ជាមួយកូរ៉េខាងជើង»

កាលពីថ្ងៃសុក្រសប្តាហ៍នេះ កូរ៉េខាងជើងបានទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដោយមេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយថា វាជាការបង្ហាញពីអានុភាពនៃកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោក និងដើម្បីរារាំងរាល់សកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ វាគឺជាការសាកល្បងមីស៊ីល ICBM ពេញលេញលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក របស់កូរ៉េខាងជើង។ សម្រាប់ការធ្វើតេស្ត ICBM របស់ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៧ គឺវាបាននាំឱ្យក្រុមប្រឹក្សាសន្តិសុខ UN ដាក់ទណ្ឌកម្ម ប៉ុន្តែលើកនេះ វាកើតឡើងចំពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងមិនត្រូវរ៉ូវគ្នាជាមួយរុស្ស៊ីនិងចិន ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលជាហេតុធ្វើឱ្យការឆ្លើយតប អាចជួបការលំបាកជាងមុន៕