(កាប៊ុល)៖ សហរដ្ឋអាមេរិកបានលុបចោលភ្លាមៗ នូវជំនួបជាមួយតាលីបង់ នៅឯទីក្រុងដូហានៃប្រទេសកាតា ដែលគ្រោងរៀបចំឡើង ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗ បន្ទាប់ពីក្រុមតាលីបង់ ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន បានក្រឡាស់ពាក្យសន្យារបស់ខ្លួនវិញ ក្នុងការអនុញ្ញាតឱ្យក្មេងស្រីៗ អាចត្រឡប់ទៅចូលនៅសិក្សានៅសាលារៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសអាមេរិក បាននិយាយយ៉ាងដូច្នេះថា «ការសម្រេចចិត្តរបស់ពួកគេនេះ គឺគួរឱ្យខកបំណងជាខ្លាំង និងជាក្រឡាស់មកវិញនូវការប្តេជ្ញារបស់ពួកគេ ចំពោះប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាចំពោះសហគមន៍អន្តរជាតិ។ យើងបានលុបចោល ការធ្វើប្រាស្រ័យទាក់ទងមួយចំនួន ក្នុងនោះរួមមានទាំងគម្រោងជំនួបនៅទីក្រុងដូហា ហើយយើងបានបង្ហាញយ៉ាងច្បាស់ថា ពួកយើងចាត់ទុកការសម្រេចចិត្តនេះ អាចជាចំណុចប្រែប្រួលដ៏សំខាន់មួយ នៅក្នុងការធ្វើទំនាក់ទំនងជាមួយតាលីបង់»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមតាលីបង់បានសម្រេចប្រែក្រឡាស់ ការសន្យារបស់ពួកគេ ក្នុងការបើកសាលារៀនឡើងវិញ សម្រាប់ក្មេងស្រីៗ ដោយនិយាយថា ពួកវានឹងនៅតែបន្តបិទទ្វារសិន រហូតទាល់តែមានផែនការត្រឹមត្រូវ សម្រាប់ការបើកឡើងវិញ។ ការសម្រេចចិត្តនេះ ក៏បានទទួលការរិះគន់ពីបណ្តាទីភ្នាក់ងារមនុស្សធម៌អន្តរជាតិ និងរដ្ឋាភិបាលបរទេស៕