(មូស្គូ)៖ អតីតប្រធានាធិបតី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី ម៉េតវ៉េដេវ (Dmitry Medvedev) បាននិយាយ នៅថ្ងៃសុក្រនេះថា «វាគឺជារឿងឆោតល្ងង់ក្នុងការជឿជាក់ថាទណ្ឌកម្មរបស់លោកខាងលិច អាចធ្វើឱ្យរដ្ឋាភិបាលមូស្គូរង្គោះរង្គើ»។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA លោក ម៉េតវ៉េដេវ បញ្ជាក់យ៉ាងដូចច្នេះថា «ការដាក់ទណ្ឌកម្មនេះនឹងធ្វើឲ្យមាន សាមគ្គីភាពកាន់តែរឹងមាំក្នុងសង្គមរុស្ស៊ី ហើយស្របពេលដែលទណ្ឌកម្មមួយចំនួនបានផ្តោតជាពិសេសទៅលើពាណិជ្ជករជាមហាសេដ្ឋីរុស្ស៊ីដែល ពួកគេជឿជាក់ថាមានភាពស្និទ្ធស្នាលនឹងលោកប្រធានាធិបតីពូទីន, សួរថាតើពាណិជ្ជករធំៗទាំងនោះអាចមានឥទ្ធិពលលើថ្នាក់ដឹកនាំនៃប្រទេស ដែរឬទេ? ចម្លើយវាមិនអាចទៅរួចទេ»។

គួរបញ្ជាក់ថា ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែរយៈពេលមួយខែនៃសង្រ្គាម វិមានក្រឹមឡាំងនៅតែអះអាងថាខ្លួននឹងបន្តប្រតិបត្តិការរហូតសម្រេចបាននូវគោលដៅរបស់ខ្លួន៕