(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានវាយតម្លៃថាការវាយប្រហារដោយគ្រាប់មីស៊ីលកំណត់គោលដៅជាក់លាក់មួយចំនួន របស់រុស្ស៊ីលើអ៊ុយក្រែន មានអត្រាបរាជ័យដល់ទៅ ៦០ភាគរយឯណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពផ្ដាច់មុខ ដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក៣នាក់ ដែលបាន ដឹងពីការវាយតម្លៃនេះដែលអាចពន្យល់បានមួយផ្នែកថាតើហេតុអ្វីបានជារុស្ស៊ីបរាជ័យក្នុងការសម្រេចគោលបំណងយោធារបស់ខ្លួនខណៈការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី លើកងទ័ពអ៊ុយក្រែន ត្រូវបានក្រុមមន្ត្រីលោកខាងលិចសន្និដ្ឋានថាកំពុងជាប់គាំងស្ទើរគ្រប់សមរភូមិមុខ។

មន្ត្រីអាមេរិកទាំង៣នាក់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមិនបានបង្ហាញភស្តុតាងដើម្បីគាំទ្រការអះអាងខាងលើឡើយ ហើយក៏មិនបានបញ្ជាក់ ថាតើមកពីមូលហេតុអ្វីឱ្យប្រាកដ ធ្វើឱ្យការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមានអត្រាបរាជ័យខ្ពស់បែបនេះ។ ចំណែកឯ ខាងក្រសួងការពារជាតិ រុស្ស៊ីក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ តែវិមានក្រឹមឡាំងធ្លាប់បាននិយាយថាប្រតិបត្តិការយោធាពិសេសរបស់លោក ពូទីន ដំណើរការទៅមុខតាម ផែនការគ្រោងទុក។

គួរបញ្ជាក់ថា ក្រុមមន្ត្រីការពារជាតិអាមេរិក នៅក្នុងសប្ដាហ៍នេះបានបង្ហើបថាមន្ទីរបញ្ចកោណ បានវាយតម្លៃថារុស្ស៊ីបានបាញ់មីស៊ីលគ្រប់ប្រភេទ ច្រើនជាង ១,១០០គ្រាប់ វាយប្រហារលើអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ប៉ុន្តែមិនបានបញ្ជាក់ថាតើមានមីស៊ីល ប៉ុន្មានគ្រាប់ដែលវាយប្រហារចំគោលដៅ ហើយប៉ុន្មានគ្រាប់ខុសគោលដៅនោះទេ៕