(ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌា បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីឥណ្ឌារបស់លោក ក្នុងរដ្ឋធានីញូដេលី នៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកបានធ្វើដំណើរមកដល់រដ្ឋធានីឥណ្ឌា ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចជាលើកដំបូងបំផុតនៃ មន្ត្រីកំពូលចិន ចាប់តាំងពីមានជម្លោះព្រំដែនរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២០មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា, លោក វ៉ាង យី នឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាសម៉ានីយុំា ចៃសាន់ការ (Subrahmanyam Jaishankar) នៅម៉ោង១១ព្រឹក (ម៉ោងនៅឥណ្ឌា)។ តែមិនមានព័ត៌មានលម្អិតអ្វីលើសពីនេះឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថាលោកប្រមុខការទូតចិន បានជួបពិភាក្សារួចហើយជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval)។

គួរបញ្ជាក់ថា មុនបំពេញទស្សនកិច្ចនៅឥណ្ឌា, លោក វ៉ាង យី ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានផងដែរ នៅក្នុងសប្ដាហ៍ នេះ ហើយលោកគ្រោងនឹងបន្តធ្វើដំណើរទៅកាន់ប្រទេសនេប៉ាល់។ ទំនាក់ទំនងចិន និងឥណ្ឌាដែលជាគូសត្រូវចាស់ បានស្គាល់ភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក ជាពេលដែលប្រទេសទាំងមានជម្លោះព្រំដែននឹងគ្នាដែលបណ្ដាលឱ្យកងទ័ពឥណ្ឌា២០នាក់ស្លាប់ និងកងទ័ពចិន ៤នាក់ បានស្លាប់៕