(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា កិច្ចប្រជុំកំពូលពិសេសរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ NATO ដែលបានធ្វើឡើង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់អំពីគោលបំណងរបស់បក្សសម្ព័ន្ធយោធាមួយនេះគាបសង្កត់រុស្ស៊ី និងអូសបន្លាយជម្លោះយោធានៅអ៊ុយក្រែន ដើម្បីជួយផ្សព្វផ្សាយការលក់អាវុធរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានបញ្ជាក់ដូច្នេះថា «សេចក្តីសម្រេចពីកិច្ចប្រជុំកំពូលដើម្បីផ្តល់ ការគាំទ្រផ្នែកនយោបាយ និងការគាំទ្រជាក់ស្តែងដល់រដ្ឋាភិបាលទីក្រុងកៀវ នាពេលនេះគឺបញ្ជាក់ពីផលប្រយោជន៍របស់បក្សសម្ព័ន្ធយោធា NATO ក្នុងការ អូសបន្លាយជម្លោះ ព្រមទាំងជាការបង្ហាញភក្ដីភាពចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្តេជ្ញាថានឹងធ្វើតាមបទបញ្ជាប្រឆាំងនឹងទីក្រុងម៉ូស្គូ»

លោកស្រីបន្ថែមថា «អង្គការ NATO កំពុងប្រើប្រាស់ការប្រឆាំងរុស្ស៊ីជាលេស ដើម្បីបង្កើនការទិញអាវុធដែលត្រូវបានផ្គត់ផ្គង់ដោយឧស្សាហកម្មយោធា របស់សហរដ្ឋអាមេរិក ហើយដើម្បីលាក់បាំងការស្រាវជ្រាវសម្ងាត់ លើអាវុធជីវសាស្ត្រ និងគីមី ដោយ NATO បានចាប់ផ្តើមចោទប្រកាន់រុស្ស៊ី ដោយលើកឡើងពីការបង្កហេតុដែលអាចកើត»

គួរបញ្ជាក់ថា បើតាមលោកស្រី ហ្សាខារ៉ូវ៉ា, ជារឿយៗទីក្រុងវ៉ាស៊ីតោនបានបង្គាប់សម្ព័ន្ធមិត្តរបស់ខ្លួនឲ្យដាក់សម្ពាធទៅលើប្រទេសដែល មានអធិបតេយ្យភាព និងលុបបំបាត់គោលជំហររបស់អឺរ៉ុប។ លោកស្រីបានលើកឧទាហរណ៍ថា ការដកខ្លួនចេញរបស់ទីក្រុងវ៉ាស៊ីនតោន ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ គឺកំពុងបំផ្លាញប្រព័ន្ធសន្តិសុខរបស់អឺរ៉ុបបន្តិចម្តងៗ៕