(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថាប្រអប់ខ្មៅទី២ នៃយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern ដែលបានធ្លាក់ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ កើតមានឡើង បន្ទាប់ពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន(CAAC) បាននិយាយថា ក្រុមអ្នកជួយសង្រ្គោះបានរកឃើញប្រអប់ខ្មៅទី២ ដែលជាកម្មសិទ្ធរបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលបានធ្លាក់ កាលពីថ្ងៃចន្ទកន្លងទៅនេះ។ ប៉ុន្តែក្រោយមកព័ត៌មាននេះស្រាប់តែត្រូវបានលុបចោលវិញ។

ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះយន្តហោះធ្លាក់បានចូលដល់ថ្ងៃទី៤ ខណៈដែលឥទ្ធិពលព្យុះ បានបង្កឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមអ្នកជួយសង្រ្គោះដែលកំពុងផ្ដោតលើការស្វែងរកប្រអប់ខ្មៅទី២ បន្ទាប់ពីប្រអប់ខ្មៅទី១ ត្រូវបានរកឃើញ និងបញ្ជូនទៅធ្វើការវិភាគនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

យន្ដហោះប្រភេទ Boeing 737-800 ដែលមានជើងហោះហើរ MU5735 ផ្ទុកមនុស្សសរុប ១៣២នាក់ បានធ្លាក់នៅឯតំបន់ព្រៃភ្នំ នៃខេត្តក្វាងស៊ី ស្ថិតនៅ ភាគខាងត្បូងប្រទេសចិន ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយពីការរកឃើញអ្នកនៅរស់រានមានជីវិត ពីសោកនាដកម្មដែលបង្កឱ្យភាពរំជើបរំជួលពេញផ្ទៃប្រទេសនេះទេ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, ការវិភាគបឋមលើប្រអប់ខ្មៅទី១ ដែលជាម៉ាស៊ីនថតសំឡេងកាប៊ីនយន្តហោះ អាចនឹងត្រូវ ចំណាយពេល ពី១០ទៅ១៥ថ្ងៃ ហើយវាអាចត្រូវបន្តយូរជាងនេះ មុនពេលឈានដល់ការសន្និដ្ឋានចុងក្រោយអំពីស្ថានភាពមុន ឬពេលយន្តហោះធ្លាក់៕