(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្តឹងអតីតគូប្រជែងរបស់លោក ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើននាក់ផ្សេងទៀត ដោយចោទប្រកាន់ពួកគេថាបានព្យាយាមបន្លំសន្លឹកឆ្នោត តាមរយៈការព្យាយាមភ្ជាប់ក្រុមយុទ្ធនាការឃោសនារបស់លោកជាមួយរុស្ស៊ី។ នេះបើតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។
នៅក្នុងពាក្យបណ្តឹងដែលមានកម្រាស់ដល់ទៅ ១០៨ទំព័រ ផ្ញើទៅកាន់តុលាការនៃរដ្ឋផ្ល័រីដា (Florida), លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា «លោកស្រី គ្លីនតុន និងសមាជិកនៃគណបក្សប្រជាធិបតេយ្យជាច្រើននាក់ បានចោទប្រកាន់រូបលោកថាបានគប់គិតជាមួយបរទេសជាអមិត្ត (រុស្ស៊ី) ជួយឱ្យលោក ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ តែការអះអាងបែបនេះជារឿងមិនពិតនោះទេ»។
តែមកទល់នឹងពេលនេះ អ្នកនាំពាក្យរបស់លោកស្រី គ្លីនតុន មិនបានឆ្លើយតបអ្វីនោះទេ នៅពេលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters សាកសួរពីពាក្យបណ្តឹងចោទប្រកាន់របស់លោក ត្រាំ៕