(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវជាថ្មីឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាមួយការព្រមានថា ការវាយប្រយុទ្ធគ្នាមានសន្ទុះកាន់តែខ្លាំង ខណៈប្រជាជនអ៊ុយក្រែនកំពុងរស់នៅក្នុងសភាពគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងញូយ៉ក នៅថ្ងៃអង្គារសប្ដាហ៍នេះ, លោក Antonio Guterres បានបញ្ជាក់ដូច្នេះថា «សង្រ្គាមដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន វាជារឿងមិនអាចទទួលយកបានខាងសីលធម៌, គ្មានហេតុផលទាំងនយោបាយ និងយោធា»។ លោកបន្ថែមថាសង្រ្គាមនៅ អ៊ុយក្រែននឹងក្លាយជាសង្រ្គាមគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ហើយវាក៏ជាពេលដែលត្រូវត្រឡប់ចេញពីសមរភូមិ វិលទៅរកកិច្ចចរចាសន្តិភាពផងដែរ។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារដែលលោក ពូទីន ហៅថាជាប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ដោយមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន។ រីឯទីក្រុងកៀវ និងបណ្ដាប្រទេសលោកខាងលិចចោទថាទីក្រុងម៉ូស្គូវាយប្រហារលើជនស៊ីវិលមិនរើសមុខ ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថាការវាយប្រហាររបស់ខ្លួនមានគោលដៅតែលើយោធាប៉ុណ្ណោះ៕