(កៀវ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) កំលុងកិច្ចសន្ទនាតាម ទូរស័ព្ទនៅថ្ងៃសុក្រនេះថាអ៊ុយក្រែន បាននិងកំពុងព្យាយាមអូសបន្លាយកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ខណៈសង្រ្គាមបានឈានចូលដល់ថ្ងៃទី២៣ ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសម្រង់សម្ដីរបស់លោក ពូទីន, វិមានក្រឹមឡាំងបានបញ្ជាក់ដូច្នេះថា «ជាការកត់សម្គាល់ថាទីក្រុងកៀវ កំពុងព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីអូសបន្លាយកិច្ចចរចា ដោយលើកឡើងនូវការស្នើដែលមិនមានលក្ខណៈប្រាកដប្រជា»។ តែទោះជាបែបនេះក្ដី, ភាគីរុស្ស៊ីនៅតែ ត្រៀមខ្លួនជានិច្ចក្នុងការបន្តស្វែងរកដំណោះស្រាយ»

គួរបញ្ជាក់ថា ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក មីកឃេល ផូដូឡាក់ (Mikhail Podolak) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា «កិច្ចប្រជុំដោយផ្ទាល់រវាងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចកើតឡើងបាន លុះត្រាតែសន្ធិសញ្ញាសន្តិភាព ត្រូវបានចុះហត្ថលេខាជាមុនសិន»

គណៈប្រតិភូរបស់រុស្ស៊ីនិងអ៊ុយក្រែន បានបើកកិច្ចចរចាជាច្រើនលើក ចាប់តាំងពីមានការប្រយុទ្ធគ្នា កាលពីចុងខែកុម្ភៈមក ប៉ុន្តែការចរចានៅមិនទាន់ទទួលបាន លទ្ធផលជាក់លាក់ណាមួយនៅឡើយទេ ក្រៅតែពីការព្រមព្រៀងបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិលចេញពី ទីក្រុងដែលរងការវាយប្រហារធ្ងន់ធ្ងរខ្លាំងប៉ុណ្ណោះ៕