(ឡុងដ៏)៖ និយតករប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស នៅថ្ងៃសុក្រនេះ បានសម្រេចដកអាជ្ញាបណ្ណប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ីRT សម្រាប់ធ្វើការផ្សព្វផ្សាយនៅអង់គ្លេស ដោយលើកឡើងថា ស្ថាប័នព័ត៌មានមួយនេះ មានទំនាក់ទំនងជាមួយវិមានក្រឹមឡាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

និយតករនៃការផ្សព្វផ្សាយរបស់អង់គ្លេស ហៅ អហ្វខម (Ofcom) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា RT បានទទួលមូលនិធិពីរដ្ឋាភិបាលរុស្ស៊ី ដែលបានធ្វើប្រតិបត្តិការយោធាលើអ៊ុយក្រែន និងបានបង្រ្កាបប្រព័ន្ធសារព័ត៌មានឯករាជ្យ។ បើតាមអាជ្ញាធរ អហ្វខម ទូរទស្សន៍ RT ត្រូវបានវាយតម្លៃឃើញថា មិនអាចដើរតួនាទីជា ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវបាន ដូច្នេះហើយខ្លួនក៏សម្រេចធ្វើការដកហូត អាជ្ញាបណ្ណផ្សព្វផ្សាយរបស់ RT តែម្តង។

សេចក្តីថ្លែងការណ៍របស់ Ofcom បានបន្តដូច្នេះថា «យើងកត់សម្គាល់ថា ច្បាប់ថ្មីក្នុងប្រទេសរុស្ស៊ី ក៏ចាត់ទុកប្រព័ន្ធសារព័ត៌មានឯករាជ្យទាំងឡាយណា ដែលមាននិន្នាការប្រឆាំងរុស្ស៉ី ជាពិសេសពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ជាស្ថាប័នខុសច្បាប់ផងដែរ»។ ដោយឡែក ទូរទស្សន៍ RT បានហៅការសម្រេចនេះថា «ជារឿងអយុត្តិធម៌»

គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស បានស្នើទៅកាន់អាជ្ញាធរ Ofcom កាលពីខែមុន ដើម្បីចាត់វិធានការប្រឆាំងនឹង RT ប្រសិនបើចាំបាច់៕