(ប៉េកាំង)៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំនៅថ្ងៃទី១៧ ខែមីនា ដើម្បីវិភាគអំពីស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងដាក់ចេញនូវវិធានការដ៏តឹងរ៉ឹង ដើម្បីបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង។ លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនិងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានសង្កត់ធ្ងន់ថាការប្រកាន់ខ្ជាប់គឺជាជ័យជម្នះ។ គ្រប់តំបន់គ្រប់ក្រសួងស្ថាប័ននិងភាគីទាំងអស់ ត្រូវតែយល់ដឹងឱ្យបានស៊ីជម្រៅអំពីភាពស្មុគស្មាញភាពលំបាក និងភាពសាចុះសាឡើងនៃការងារគ្រប់គ្រង ការរីករាលដាលនៃជំងឺឆ្លង នៅក្នុងនិងក្រៅប្រទេសនាពេលបច្ចុប្បន្ន យើងត្រូវប្រកាន់ខ្ជាប់ជានិច្ច និងយកចិត្តទុកដាក់លើការងារគ្រប់ផ្នែកនៃការបង្ការជំងឺឆ្លងនិងអនុវត្តជាក់ស្តែង។

លោកប្រធានាធិបតីចិន គូសបញ្ជាក់ថា យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ប្រជាជនជាអាទិភាព តម្កល់អាយុជីវិតមនុស្សជាចម្បង ប្រកាន់ខ្ជាប់នូវភាពជាក់លាក់ខាងវិទ្យាសាស្ត្រ និងការទប់ស្កាត់ករណីឆ្លងឱ្យមកនៅត្រឹមសូន្យ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ឱ្យបានឆាប់ត្រូវធ្វើឱ្យប្រសើរឡើង នូវកម្រិតនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លង តាមបែបវិទ្យាសាស្ត្រនិងចំគោលដៅ ហើយបន្តបង្កើនប្រសិទ្ធភាពនៃវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងជាបន្តបន្ទាប់។ យើងត្រូវកាត់បន្ថយផលប៉ះពាល់ពីជំងឺឆ្លង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមា៕