(សេអូល)៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (KDCA) បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បាន

រាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃ ចំនួន៤០០,៧៤១នាក់ ខណៈដែលប្រទេសអាស៉ីខាងកើតមួយនេះ ចង់បន្ធូរបន្ថយវិធានការគម្លាតសុវត្ថិភាពសង្គមបន្ថែមទៀត បើទោះបីជារលកនៃការឆ្លងមេរោគអូមីក្រុង វាយលុកខ្លាំងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ដោយឡែក បើយោងតាមសារព័ត៌មាន AP ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាថ្ងៃ ដែលមានអ្នកស្លាប់ដោយសារតែជំងឺកូវី១៩ ច្រើនបំផុត គឹនៅថ្ងៃអង្គារម្សិលមិញ ដែលមានអ្នកស្លាប់ចំនួន២៩៣នាក់។

មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថា ការឆ្លើយតបផ្នែកវេជ្ជសាស្រ្ត នៅបន្តមានស្ថិរភាពដដែល បន្ទាប់ពីមានប្រឹងប្រែង ដើម្បីពង្រីកធនធាន ដោយ ៣០ភាគរយនៃបន្ទប់សង្រ្គោះបន្ទាន់នៅទូទាំងប្រទេស សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 គឺនៅទំនេរ។ ប៉ុន្តែពួកគេបានព្រមានថា សម្ពាធទៅលើប្រព័ន្ធមន្ទីរពេទ្យ អាចនឹងកើនឡើង នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោកស្រី ផាក ហ៊ីយ៉ាង (Park Hyang) បាននិយាយថា ដោយសារ
តែអត្រាអ្នកចាក់វ៉ាក់សាំងខ្ពស់ រហូតមកដល់ពេលនេះ បើទោះបីជាមានអ្នកឆ្លងជំងឺអូមីក្រុងច្រើនក៏ដោយ អត្រាស្លាប់គឺនៅទាប
បើប្រៀបធៀបទៅនឹងករណី ដែលបានកើតឡើងនាពេលកន្លងទៅ នៅឯសហរដ្ឋអមេរិក និងតំបន់អឺរ៉ុប ជាដើម។

គួរបញ្ជាក់ថា ជាង៦២ភាគរយ នៃប្រជាជនកូរ៉េខាងត្បូង បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ថ្មីៗនេះក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានបន្ធូរបន្ថយការរឹតបន្តឹងលើវិធានការចត្តាឡីស័ក, ការត្រួតពិនិត្យតាមព្រំដែន ហើយមិនតម្រូវឲ្យមានការបង្ហាញលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ឬការធ្វើតេស្តអវិជ្ជមាន ដោយមនុស្សពេញវ័យ ពេលចូលកាន់ទីតាំងណាមួយ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋកាន់តែច្រើន អាចធ្វើការព្យាបាលនៅតាមផ្ទះ៕