Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនអះអាងថា សង្រ្គាមជាមួយរុស្ស៉ី អាចនឹងបញ្ចប់នៅត្រឹមខែឧសភា (Video inside)

15-03-2022 14:58

(កៀវ)៖ លោក អូលេកស៉ី អារេស្តូវិច (Oleksiy Arestovich) ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ទំនងជានឹងបញ្ចប់ទៅវិញក្នុងខែឧសភាខាងមុខ ពេលដែលរុស្ស៉ីលែងមានធនធាន ដើម្បីប្រើប្រាស់ក្នុងការវាយប្រហារអ៊ុយក្រែនតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

លោក Arestovich បានលើកឡើងថា ពេលវេលាជាក់លាក់តែម្តងនោះ គឺមិនអាចព្យាករបានឡើយ ដោយវាអាស្រ័យទៅលើ ថាតើទីក្រុងម៉ូស្គូហ៊ានចំណាយធនធានច្រើនប៉ុនណា ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការយោធារបស់ខ្លួន។ លោក Arestovich បានលើកឡើងយ៉ាងដូច្នេះថា «តាមការគិតរបស់ខ្ញុំ គឺមិនយូរជាងខែឧសភាឡើយ អាចខ្ទង់ដើមខែឧសភា យើងគួរតែសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ឬប្រហែលអាចឆាប់ជាងនេះ។ យើងនឹងរង់ចាំមើលទៀត ព្រោះអ្វីដែលខ្ញុំនិយាយនេះ គឺប៉ាន់ស្មានពីកាលបរិច្ឆេទ ដែលអាចកើតឡើងឆាប់បំផុត»

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើម កាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យបើកនូវអ្វីដែលលោកហៅថាជា «ប្រតិបត្តិការយោធាពិសេស» ចូលទៅកាន់អ៊ុយក្រែន ដែលជាការវាយប្រហារដ៏ធំបំផុត ទៅលើប្រទេសនៅទ្វីបអឺរ៉ុប គិតចាប់តាំងតែពីសម័យសង្រ្គាមលោកលើកទីពីរមក។

កិច្ចចរចាគ្នាប៉ុន្មានលើកមកនេះ រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ ដែលលោក Arestovich មិនបានចូលរួមផ្ទាល់ឡើយនោះ គឺមកទល់ឥឡួវ បានផ្តល់លទ្ធផលតិចតួចស្តួចស្តើងប៉ុណ្ណោះ ក្រៅតែពីការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសប្រជាជន ចេញពីទីក្រុងអ៊ុយក្រែនមួយចំនួន ដែលរងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់យោធារុស្ស៉ី៕