(យូអិន)៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ខ្លួនមិនមានភស្តុតាងដែលបង្ហាញថា អ៊ុយក្រែនមានកម្មវិធីអាវុធជីវសាស្រ្តនោះឡើយ ខណៈសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានព្រួតគ្នា វាយបកទៅលើរុស្ស៉ីវិញថា ទីក្រុងមូស្គូខំប្រឹងការធ្វើការចោទប្រកាន់ដែលគ្មានភស្តុតាងនេះ ដើម្បីជាលេសអាចឱ្យខ្លួនឯងផ្ទាល់ បើកការវាយប្រហារដោយអាវុធគីមី ឬអាវុធសាស្រ្ត នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានកោះប្រជុំជាបន្ទាន់មួយ ពាក់ព័ន្ធការអះអាងអំពីអាវុធជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន តបតាមសំណើរបស់រុស្ស៉ី។ ទីក្រុងមូស្គូបានអះអាងថា អ៊ុយក្រែនបានធ្វើប្រតិបត្តិការមន្ទីរពិសោធន៍អាវុធជីវសាស្រ្ត ក្រោមកិច្ចសហការ និងជ្រោមជ្រែងរបស់ក្រសួងការពារជាតិអាមេរិក។

លោកស្រី អ៉ីហ៊្សូមី ណាកាមីតស៊ូ (Izumi Nakamitsu) តំណាងជាន់ខ្ពស់របស់ UN ទទួលបន្ទុកិច្ចរំសាយអាវុធ បានថ្លែងថា UN មិនបានដឹងអំពីវត្តមានកម្មវិធីអាវុធជីវសាស្រ្តអ្វីនោះទេ នៅអ៊ុយក្រែន ដែលជាប្រទេសមួយ ដែលបានចូលរួមក្នុងសន្ធិសញ្ញាអន្តរជាតិហាមហាត់អាវុធប្រភេទនេះ ជាមួយរុស្ស៉ីនិងសហរដ្ឋអាមេរិក ព្រមទាំងប្រទេស១៨០ផ្សេងទៀត។

កំលុងកិច្ចប្រជុំនោះ បេសកជនអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់-គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនព្រួយបារម្ភជាខ្លាំងចំពោះ ការដែលរុស្ស៉ីបានស្នើឱ្យកោះប្រជុំជុំវិញរឿងនេះ ដោយវាអាចជាការព្យាយាមបង្កើតលេសដោយទីក្រុងមូស្គូ ដើម្បីប្រើប្រាស់អាវុធជីវសាស្រ្តឬអាវុធគីមរបស់ខ្លួន នៅអ៊ុយក្រែន។ រីឯបណ្តាប្រទេសជាសមាជិក UNSC មួយចំនួនទៀត បាននាំគ្នាហៅ ការអះអាងរបស់រុស្ស៉ីថាជារឿងភូតកុហក ហើយរិះគន់ធ្ងន់ៗលើរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលបណ្តាលឱ្យជនស្លូតត្រង់ជាច្រើននាក់ បាត់បង់ជីវិត។

ឆ្លើយតបសម្តីរបស់បេសកជនអាមេរិក អគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក វ៉ាស៉ីលី ណេបេនហ្ស៉ីយ៉ា (Vasily Nebenzya) ក៏បានរំលឹកឡើងវិញនូវ ពេលដែលសហរដ្ឋអាមេរិក បានអះអាងប្រាប់ UNSC កាលពីឆ្នាំ២០០៣ ដែលថា អ៉ីរ៉ាក់មានអាវុធប្រល័យលោក ដើម្បីជាលេសចូលឈ្លានពានអ៉ីរ៉ាក់ ខណៈការអះអាងនោះ ក្រោយមកត្រូវបានរកឃើញថា មិនមែនជារឿងពិតឡើយ៕