(សិង្ហបុរី)៖ អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យច្រកចេញចូល (CIA) របស់សិង្ហបុរី បានឲ្យដឹងថានៅថ្ងៃសុក្រ នេះថាភ្ញៀវទេសចរណ៍បរទេសដែល ធ្វើដំណើរទៅកាន់មកប្រទេសសិង្ហបុរីរយៈពេលខ្លី នឹងមិនទទួលបានការបោះត្រាលើលិខិតឆ្លងដែនរបស់ពួកគេទៀតនោះទេ ពេលមកដល់អាកាសយានដ្ឋាន ដោយជំនួសមកវិញដោយការប្រើប្រព័ន្ធអេឡិចត្រូនិច ហៅថា e-pass ឬ លិខិតឆ្លងដែនអេឡិចត្រូនិច ដែលជាប្រព័ន្ធចុះបញ្ជីព័ត៌មាននៃការមកដល់របស់ ភ្ញៀវទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

វិធានការខាងលើនេះគឺជាផ្នែកមួយកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ CIA ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាព និងកិច្ចការងារបោសសម្អាត ជនអន្តោប្រវេសន៍កាន់តែមានប្រសិទ្ធភាពជាងមុន ខណៈដែលសិង្ហបុរីបានបើកព្រំដែនអាកាសរបស់ខ្លួនឡើងវិញបណ្តើរ។

លិខិតឆ្លងដែនអេឡិចត្រូនិច ឬ e-Pass បានចាប់ផ្តើមដាក់ឲ្យដំណើរការនៅអាកាសយានដ្ឋាន ចាងងី (Changi) ចាប់ពីថ្ងៃសុក្រនេះតទៅ។ រាល់ព័ត៌មានរបស់អ្នកដំណើរដែលបានផ្តល់ នឹងត្រូវផ្ទុកក្នុងប្រព័ន្ធព័ត៌មាន បន្ទាប់ពីបានផ្ទៀងផ្ទាត់ឯកសារអន្តោប្រវេសន៏រួចររាល់។ មន្រ្តីអន្តោប្រវេសន៍នឹងមានព័ត៌មានលម្អិតអំពីរយៈពេល នៃការស្នាក់នៅ, និងថ្ងៃចុងក្រោយនៃការស្នាក់ដែលត្រូវបានផ្តល់អោយក្នុងប្រទសសិង្ហបុរី៕