(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង (Li Keqiang) បាននិយាយនៅថ្ងៃសុក្រនេះថា ស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន កំពុងស្ថិតក្នុង ស្ថានភាពគួរឱ្យព្រួយបារម្ភ ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការចរចារដើម្បីស្វែងរកបទឈប់បាញ់។ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅពេលបិទសម័យប្រជុំសភាប្រចាំឆ្នាំ លោក លី មិនបានឆ្លើយចំៗទៅនឹងសំនួររបស់អ្នកសារព័ត៌មាន Reuters ថាតើចិន ការបដិសេធមិនថ្កោលទោសរុស្ស៊ី ហើយថាតើចិនត្រៀមខ្លួនផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងហិរញ្ញប្បទានដល់រុស្ស៊ីដែរឬទេ ខណៈម៉ូស្គូកំពុងរងទណ្ឌកម្មពី សហរដ្ឋអាមេរិក និងអឺរ៉ុប។

គួរបញ្ជាក់ថា ចិន និងរុស្ស៊ី បានបង្កើតភាពជាដៃគូជិតស្និទ្ធកាន់តែខ្លាំងឡើងនារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ចិនបានបដិសេធមិនថ្កោលទោស ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលប្រទេសលោកខាងលិចហៅថាជាការឈ្លានពាន។ ទីក្រុងប៉េកាំង ក៏បានសម្តែងការជំទាស់របស់ខ្លួនម្តងហើយ ម្តងទៀតផងដែរ ចំពោះអ្វីដែលខ្លួនពិព័ណ៌នាថា ជាទណ្ឌកម្មខុសច្បាប់ពីសំណាក់ប្រទេសលោកខាងលិចទៅលើរុស្ស៊ី និងបានអំពាវនាវឲ្យមានកិច្ចចរចា រកដំណោះស្រាយចំពោះវិបត្តិនេះ៕