(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានផ្តល់ការគាំទ្រចំពោះផែនការ បញ្ជូនក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីទៅជួយប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

កំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃសុក្រនេះ លោក ពូទីន បានថ្លែងទៅកាន់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) យ៉ាងដូច្នេះថា «ប្រសិនបើអ្នកឃើញមាន ជនណាដែលស្ម័គ្រចិត្តចង់ជួយតំបន់ Donbass (តំបន់នៅភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៉ីទទួលស្គាល់ ឯករាជ្យ) ក្នុងសង្រ្គាមនៅអ៊ុយក្រែន អ្នកត្រូវតែសហការជាមួយអ្នកទាំងនោះ ហើយជួយសម្រួលឱ្យពួកគេ អាចទៅដល់សមរភូមិបាន»

លោក Shoigu បានឱ្យដឹងថា បច្ចុប្បន្នមានជនស្ម័គ្រចិត្តសរុបច្រើនជាង ១៦,០០០នាក់ ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ដែលមានបំណងចង់ជួយតំបន់ Donbass ប្រយុទ្ធជាមួយអ៊ុយក្រែន ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៉ី ដែលកំពុងបន្តធ្វើឡើង។

គួរបញ្ជាក់ថា កន្លងមក ខាងអ៊ុយក្រែនក៏បានអំពាវនាវឱ្យជនបរទេស នៅជុំវិញពិភពលោក ស្ម័គ្រចិត្តចូលរួមជួយពួកគេ ប្រយុទ្ធជាមួយរុស្ស៉ីផងដែរ៕