(ប៉េកាំង)៖ ប្រទេសចិនមានពាក្យមួយឃ្លាពោលថា «ពិការរាងកាយតែឆន្ទៈរឹងមាំ»។ ក្នុងសង្គមមនុស្សយើង មានជនពិការជាច្រើនពិតមែន តែពិការកាយសម្បទា ឬពិការសតិបញ្ញាពីកំណើត ឬដោយសារជួបគ្រោះអកុសលណាមួយ ធ្វើឱ្យកាយសម្បទា ឬសតិបញ្ញាមិនគ្រប់គ្រាន់ក៏មែនពិត តែជារឿយៗពួកគេមិនដែលចុះចាញ់នឹងព្រហ្មលិខិតឡើយ ការតស៊ូរស់នៅយ៉ាងអង់អាចក្លាហាន បានធ្វើឱ្យពួកគេទទួលបានសមិទ្ធផល និងកិត្តិយសក្នុងជីវិត និងក្នុងសង្គមដូចជាមនុស្សទូទៅផងដែរ ដែលបង្ហាញពីតម្លៃនិងខ្លឹមសារនៃជីវិតដ៏អស្ចារ្យ។

ក្នុងន័យនេះ យើងឃើញថាក្រៅអំពីភាពខុសគ្នាផ្នែកកាយសម្បទា និងសតិបញ្ញាខ្លះៗ អ្វីដែលមនុស្សមានកាយសម្បទាគ្រប់គ្រាន់ធ្វើបាន ជនពិការក៏ធ្វើបានដូចគ្នាដែរ ហើយសឹងតែអាចធ្វើបានកាន់តែល្អទៀតផង។ អាស្រ័យហេតុនេះ មិនថាបុគ្គលឬក្រុមណាក៏ដោយ មិនថាពួកគេមានភាពខុសគ្នាពីមនុស្សទូទៅ ផ្នែកសតិបញ្ញាឬកាយសម្បទាក្តី គឺសុទ្ធតែមិនត្រូវរងការដាក់ឱ្យនៅឯកោឬរើសអើងឡើយ ពោលគឺពួកគេមានសិទ្ធិស្មើគ្នាក្នុងការចូលរួមសកម្មភាពសង្គម និងចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍នៃអរិយធម៌សង្គម។

សក្តានុពលរបស់ជនពិការគឺគ្មានព្រំដែនទេ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិកគឺជាសក្ខីកម្មមួយ ដែលសង្គមមនុស្សយើងបានបង្កើតឡើង ក្នុងគោលបំណងផ្តល់វេទិកាស្មើភាពមួយ ដូចការប្រកួតកីឡាអូឡាំពិកជូនចំពោះជនពិការ ដើម្បីឱ្យពួកគេរកឃើញពន្លឺនៃជីវិត តស៊ូពុះពាររាល់ឧបសគ្គដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន ពិសេសគឺចែករំលែកពីភាពសប្បាយរីករាយ និងមិត្តភាពដែលបានមកពីការប្រកួតកីឡា ជាមួយអត្តពលិកដែលមកពីទូទាំងពិភពលោក។

ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ដែលបាននិងកំពុងដំណើរការក្រោមស្មារតី «យោគយល់ គោរព យកចិត្តទុកដាក់ ជួយយកអាសា» ក្នុងគោលបំណងបង្ហាញពីទស្សនៈ «សមភាព ចូលរួម ចែករំលែក» ប្រជាជននៅទូទាំងពិភពលោក បានមើលឃើញច្បាស់នឹងភ្នែក នូវការប្រកួតប្រជែងដ៏ស្វិតស្វាញ របស់អត្តពលិកជនពិការ ដែលមកពីជាង ៤០ប្រទេស។ ពួកគេបានជម្នះឧបសគ្គ ដែលមានកាយសម្បទាមិនគ្រប់គ្រាន់ យកឈ្នះខ្លួនឯង ហ៊ានប្រឈមនិងសាកល្បងជាមួយ ដែនកំណត់របស់មនុស្សជាតិ ដោយអង់អាចក្លាហាន និងឈានទៅរកការបំបែកកំណត់ត្រារបស់មនុស្សជាតិ។

ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនេះ គ្មានភាពរើសអើង គ្មានអរិភាព គ្មានឧបាយកលនយោបាយ ពោលគឺមានតែមិត្តភាពនិងសាមគ្គីភាព ព្រមទាំងសំឡេងទះដៃលើកទឹកចិត្ត និងកោតសរសើរដ៏ស្មោះចំពោះ ការបញ្ចេញថ្វីដៃដ៏ឆ្នើមរបស់អត្តពលិកជនពិការគ្រប់រូប ដែលជាគំរូនៃសហគមន៍រួមវាសនាតែមួយ។

ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍបុព្វហេតុជនពិការ។ នៅក្នុងប្រទេសចិន សំណង់ ឬបរិកា្ខរគ្មានឧបសគ្គ ដែលបង្កភាពងាយស្រួលសម្រាប់ ការធ្វើដំណើររបស់ជនពិការ បានរាយបាយពាសពេញទីកន្លែងសាធារណៈ ទាំងផ្លូវដើរ បន្ទប់ទឹក និងច្រកផ្លូវបៃតង (ច្រកផ្លូវអាទិភាព ) ជាដើមគឺសុទ្ធតែជាសេវា សម្រាប់ផ្តល់ភាពកក់ក្តៅខាងផ្លូវចិត្ត ចំពោះជនពិការ។ លើសពីនេះ សេវាផ្តល់ចំណេះដឹងនិងចំណីអារម្មណ៍ ជូនជនពិការដូចជាបណ្ណាល័យ និងរោងភាពយន្តសម្រាប់ជនពិការភ្នែកជាដើម ក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ ប្រការទាំងនេះបានបង្ហាញពីគោលនយោបាយគោរពសិទ្ធិ និងផលប្រយោជន៍ជនពិការរបស់រដ្ឋាភិបាលចិន ដើម្បីផ្តល់សុខុមាលភាពជូនជនពិការ ឱ្យដូចគ្នានឹងមនុស្សមានកាយសម្បទាគ្រប់គ្រាន់ផងដែរ។

ក្រោមការគាំទ្រ ការជំរុញនិងលើកទឹកចិត្តរបស់រដ្ឋាភិបាលចិន ជនពិការជាច្រើនបានចូលរួមហ្វឹកហាត់ទាំងកីឡារដូវក្តៅនិងរដូវរងា ដែលធ្វើឱ្យបុព្វហេតុកីឡាជនពិការចិន ទទួលបានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ តួយ៉ាងក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ប្រទេសចិនមានអត្តពលិក ៩៦នាក់ ចូលរួមការប្រកួតក្នុងវិញ្ញាសាទាំងអស់ ដែលជាចំនួនអត្តពលិកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសចិនចូលរួមការប្រកួតនេះ ដែលពីមុនៗមានត្រឹមតែជាង ២០នាក់ប៉ុណ្ណោះ។

បើតាមរបាយការណ៍ស្តីពីបុព្វហេតុជនពិការប្រទេសចិនឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេល «ផែនការជាតិ ៥ឆ្នាំ ទី១៣» (ឆ្នាំ២០១៦-២០២០) ជនពិការចិនបានចេញផុតពីភាពក្រីក្រទាំងអស់ ក្នុងចំណោមជនពិការដែលមានអាយុលើ១៥ឆ្នាំ មាន ៧៩ភាគរយ ចេះអានចេះសរសេរអក្សរ។ គោលនយោបាយស្តីពីការផ្តល់ឱកាសការងារជូនជនពិការ ត្រូវបានធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់។ ចំណែកក្នុងដំណាក់កាល «ផែនការជាតិ ៥ឆ្នាំ ទី១៤» (ឆ្នាំ២០២១-២០២៥) ជាដំណាក់កាលគន្លឹះដែលជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់ នូវបុព្វហេតុជនពិការនិងបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ និងវិបុលភាពរួមរបស់ជនពិការ។

ក្រៅពីអត្តពលិកជនពិការដែលបានសម្រេចសុបិនរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកដែលជា វេទិកាប្រកួតប្រជែងថ្វីដៃលំដាប់ពិភពលោក នៅមានជនពិការដ៏ច្រើនទៀត ក៏ត្រូវការការយកចិត្តទុកដាក់ និងឱ្យតម្លៃពីសង្គមផងដែរ។ មនុស្សគ្រប់រូបសុទ្ធតែមានសុបិន និងឧត្តមគតិរបស់ខ្លួន មិនថាជាអ្នកមានកាយសម្បទាគ្រប់គ្រាន់ ឬមានពិការភាពនោះទេ។ យ៉ាងណាមិញ មានតែសង្គមដែលគ្មានភាពរើសអើង ចេះជួយយកអាសា និងយោគយល់ចំពោះជនពិការ ទើបអាចក្លាយជាប្រទីបជួយបំភ្លឺក្តីសុបិនរបស់ជនពិការគ្រប់រូប និងជាពន្លឺនៃក្តីសង្ឃឹមដែលនាំមកនូវ ភាពកក់ក្តៅជូនជនពិការ ដើម្បីឱ្យពួកគេចូលរួមក្នុងមហាគ្រួសារនៃសង្គម ដោយទឹកចិត្តក្លៀវក្លា និងរួមចំណែកជាកម្លាំងកាយចិត្ត និងឆន្ទៈដ៏មោះមុតរបស់ខ្លួន ក្នុងការកសាងសង្គមនិងប្រទេសជាតិ ក៏ដូចជារួមរស់ជាមួយមនុស្សទូទៅ ក្នុងសង្គមប្រកបដោយភាពសុខដុមរមនា៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន