(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) តបតាមការស្នើ របស់រុស្ស៊ី ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចោទប្រកាន់ពីការផលិត និងអភិវឌ្ឍអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃពុធសប្ដាហ៍នេះ, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានអះអាងជាថ្មីថា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយដល់អ៊ុយក្រែន ក្នុងការផលិត និងអភិវឌ្ឍអាវុធជីវសាស្ត្រ។ បើតាមលោកស្រី ហ្សាខារ៉ូវ៉ា, កងទ័ពរុស្ស៊ីប្រមូលបានភស្តុតាងជាច្រើនដែល អាចបញ្ជាក់បានថាអ៊ុយក្រែនបានព្យាយាមបំផ្លាញភស្តុតាងនៃកម្មវិធីអាវុធជីវសាស្ត្រ តាមរយៈការបំផ្លាញសំណាកនៅមន្ទីរពិសោធន៍។

ប៉ុន្តែ ទាំងអាមេរិក និងអ៊ុយក្រែន បានច្រានចោលការចោទប្រកាន់បែបនេះ៕