(មូស្គូ)៖ ស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក បានថោ្កលទោសចំពោះចំណាត់ការរបស់ក្រុមហ៊ុនអាមេរិក Meta ដែលអនុញ្ញាតឱ្យ គណនី Facebook និង Instagram នៅក្នុងប្រទេសមួយចំនួន អាចបង្ហោះសារជំរុញឱ្យមានអំពើហិង្សា ប្រឆាំងកងទ័ពនិងមេដឹកនាំរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ស្ថានទូតរុស្ស៉ីបានចាត់ទុកសកម្មភាពខាងលើ របស់ក្រុមហ៊ុន Meta ថាជា ភស្តុតាងបន្ថែមទៀតបង្ហាញពី សង្រ្គាមព័ត៌មានគ្មានច្បាប់ទម្លាប់ ដែលត្រូវបានធ្វើឡើងប្រឆាំងនឹងប្រទេសរុស្ស៉ី ហើយស្ថានទូតបន្តថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ បានក្លាយជាម៉ាស៊ីនឃោសនា របស់លោកខាងលិច។ ដូច្នេះហើយក្រុមមន្រ្តីទូតរុស្ស៉ី បានទាមទារឱ្យអាជ្ញាធរអាមេរិក ចាត់វិធានការបញ្ឈប់សកម្មភាពជ្រុលនិយម របស់ក្រុមហ៊ុន Meta។

ការថ្កោលទោសនិងអំពាវនាវខាងលើរបស់រុស្ស៉ី កើតមានឡើងបន្ទាប់ពី អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta លោក អេនឌី ស្តូន (Andy Stone) បាននិយាយថា ដោយសារលទ្ធលផលនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន Meta ផ្តល់ការអនុញ្ញាតជាបណ្តោះអាសន្នចំពោះការបញ្ចេញមតិនយោបាយ ដែលមានលក្ខណៈជំរុញហិង្សាប្រឆាំងនឹងកងទ័ព ព្រមទាំងប្រធានាធិបតីរុស្ស៉ី ដែលក្នុងករណីធម្មតា គឺត្រូវចាត់ទុកជាការបំពានលើគោលការណ៍របស់ក្រុមហ៊ុន។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន Meta ចំពោះគោលការណ៏បញ្ចេញមតិនេះត្រូវបានរាយការណ៍ថា អនុវត្តនៅក្នុងប្រទេសឡេតូនី, លីទុយអានី, អេស្តូនី, ប៉ូឡូញ, ស្លូវ៉ាគី, ហុងគ្រី, រ៉ូម៉ានី, រុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងនៅអាមេនី និង អាស៊ែបៃហ្សង់៕