(អ៉ីស្លាម៉ាបាដ)៖ ប៉ាគីស្ថាននៅថ្ងៃសុក្រនេះ បានព្រមានឥណ្ឌាអំពីផលវិបាកយ៉ាងអាក្រក់ ជុំវិញអ្វីដែលខ្លួនអះអាងថា ជាវាវត្ថុហោះហើរអាថ៌កំបាំងមួយ ដែលមានប្រភពចេញពីឥណ្ឌា ហើយទៅធ្លាក់ចូលក្នុងដីរបស់ប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា នៅថ្ងៃសុក្រនេះខ្លួនបានកោះហៅ ភារធារីនៃស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងអ៉ីស្លាម៉ាបាដ ដើម្បីសម្តែងការជំទាស់ផ្លូវការ ចំពោះសកម្មភាពដែលខ្លួនចាត់ទុកថា ជាការរំលោភដែនអាកាសរបស់ប៉ាគីស្ថាន។ ខាងប៉ាគីស្ថាន បានស្នើឱ្យមានការស៉ើបអង្កេតជុំវិញករណីនេះ និងបានអះអាងថា វាអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរលើយន្តហោះ ក៏ដូចជាជនស៉ីវិលដទៃទៀត។

កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យយោធាប៉ាគីស្ថាន លោក បាបារ អ៉ីហ្វទីខា (Babar Iftikhar) បានប្រកាសថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វត្ថុហោះហើរមានល្បឿនយ៉ាងលឿនមួយ ដែលមានប្រភពចេញពីមកទីក្រុងសឺសា (Sirsa) នៅខេត្តហាយ៉ាណា (Haryana) ភាគខាងលិចប្រទេសឥណ្ឌា បានហោះទៅធ្លាក់ក្នុងទីក្រុង មៀន ចាន់នូ (Mian Channu) នៅភាគខាងកើតប៉ាគីស្ថាន។

គួរបញ្ជាក់ថា បើយោងតាមមន្រ្តីនៃកងទ័ពអាកាសប៉ាគីស្ថាន វត្ថុខាងលើកំពុងស្ថិតក្រោមការត្រួតពិនិត្យ ដើម្បីកំណត់ឱ្យច្បាស់ពីអត្តសញ្ញាណរបស់វា ប៉ុន្តែការសិក្សាជាបឋមបង្ហាញថា វាអាចជាមីស៉ីលល្បឿនលឿនជាងសំឡេង ប្រភេទបាញ់ចេញពីផ្ទៃអាកាសទៅផ្ទៃអាកាស ប៉ុន្តែវាត្រូវបានកំណត់មិន ឱ្យអាចផ្ទុះបានទេ។ វត្ថុនោះធ្វើដំណើរនៅរយៈកម្ពស់ជាង ១,២០០ម៉ែត្រ ក្នុងល្បឿន Mach 3 (លឿនជាងល្បឿនសំឡេង៣ដង) ហើយហោះក្នុងដែនអាកាសប៉ាគីស្ថាន បានចម្ងាយ១២៤គីឡូម៉ែត្រ មុនពេលធ្លាក់។

លោក Iftikhar បានសង្កត់ធ្ងន់ថា យ៉ាងណាក្តី យោធាប៉ាគីស្ថាននឹងមិនទាន់ ធ្វើការសន្និដ្ឋានណាមួយនោះឡើយ រហូតទាល់តែទទួលបាន ការបកស្រាយផ្លូវការពីខាងឥណ្ឌា៕