(ប៉ារីស)៖ ស្ថាប័នប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ «អាំងទែរប៉ូល (Interpol)» បានឱ្យដឹងថា ខ្លួនគ្មានផែនការដកប្រទេសរុស្ស៊ី ចេញពីស្ថាប័ននេះឡើយ ប៉ុន្តែបានបញ្ជាក់វិញថា ស្ថាប័ននឹងពិចារណាផ្លាស់ប្តូរនីតិវិធីមួយចំនួន ពាក់ព័ន្ធការបញ្ជូនសំណើនិងការផ្តល់ព័ត៌មានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

ប៉ូលិស Interpol បានលើកឡើងក្នុងសេចក្តីថ្លែងការណ៏យ៉ាងដូច្នេះថា «ធម្មនុញ្ញរបស់ Interpol អំពាវនាវឲ្យស្ថាប័ននេះ រក្សានូវកិច្ចសហប្រតិបត្តិផ្នែកប៉ូលិសរវាងប្រទេសជាសមាជិក ហើយធានាឱ្យបានថាមធ្យោបាយទំនាក់ទំនង នៅតែបើកចំហ។ ជាមួយគ្នានេះ អំណាចរបស់ Interpol គឺមិនរួមមានការដាក់ទណ្ឌកម្ម ឬវិធានការដាក់ទោសនោះទេ ហើយក៏មិនមានបទបញ្ញតិ្តនៅក្នុងធម្មនុញ្ញ ដែលចែងពីការព្យួរ ឬដកសមាជិកភាពប្រទេសណាមួយដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថាប័នប៉ូលិសអន្តរជាតិនេះ បានបន្ថែមថា ឥឡូវរុស្ស៊ីមិនអាចបញ្ជូនព័ត៌មាន និងសំណើ ទៅកាន់ប្រទេសជាសមាជិកណាមួយផ្សេង ដោយផ្ទាល់ទៀតនោះទេ។ រុស្ស៉ីនឹងត្រូវបញ្ជូនព័ត៌មាននិងសំណើទាំងអស់ ទៅកាន់អគ្គលេខាធិការដ្ឋានរបស់ Interpol ដើម្បីឆ្លងកាត់ការត្រួតពិនិត្យមើលភាពសមស្រប ទៅតាមក្បួនច្បាប់របស់ Interpol។

ប៉ូលិស Interpol បានបកស្រាយហេតុផល នៅពីក្រោយគោលជំហររបស់ខ្លួនថា «ការរារាំងប្រទេសជាសមាជិកណាមួយ ពីការចែករំលែកព័ត៌មាន នឹងផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ក៏ដូចជារត់គេចខ្លួនបានកាន់តែងាយ ដែលប្រការនេះឈានទៅបង្កើត នូវចន្លោះប្រហោងធំមួយ នៅក្នុងសុវត្ថិភាពនិងសន្តិសុខសកលលោក»

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្រុមប្រទេសលោកខាងលិចមួយចំនួន រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និង នូវែលសេឡង់ ជាដើម បាននាំគ្នាអំពាវនាវឱ្យស្ថាប័នប៉ូលិសអាំងទែរប៉ូល ព្យួរសមាជិកភាពរបស់រស្ស៊ី ដោយសារតែវិបត្តិសង្រ្គាមនៅអ៊ុយក្រែន៕