Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកអះអាងថា កូរ៉េខាងជើងកំពុងធ្វើតេស្ដលើប្រព័ន្ធមីស៊ីល ICBM ថ្មីមួយ (Video inside)

11-03-2022 08:56

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាការធ្វើតេស្ដមីស៊ីលចំនួន ២លើករបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ គឺជាការធ្វើតេស្ដប្រព័ន្ធ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ថ្មីមួយ នៅចំពោះមុខការបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

បើតាមការអះអាងរបស់កូរ៉េខាងជើងផ្ទាល់, ការធ្វើតេស្ដអាវុធកាលពីថ្ងៃទី២៦ ខែកុម្ភៈ និងកាលពីថ្ងៃទី៤ ខែមីនា កន្លងទៅនេះគឺផ្ដោតសំខាន់ការអភិវឌ្ឍ ប្រព័ន្ធផ្កាយរណបស៊ើបការណ៍។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល បានបញ្ជាក់ថាតាមរយៈការវិភាគ ការធ្វើតេស្ដទាំង ២លើកនេះមានជាប់ពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលបាលិស្ទីគ ICBM ថ្មីមួយ ដែលទីក្រុងព្យុយ៉ាងធ្លាប់បានសម្ញែងនៅក្នុងព្យុហយាត្រាយោធាមួយកាលពីខែតុលា ឆ្នាំ២០២០។

មន្ត្រីអាមេរិករូបនេះក៏បានសន្និដ្ឋានដែរថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដមីស៊ីល ICBM ក្នុងពេលអនាគតដ៏ខ្លី តាមរយៈការបំភ័ន្តថាវាជាការធ្វើតេស្ដបាញ់ ផ្កាយរណប ឬការអភិវឌ្ឍទីអវកាស។

គួរបញ្ជាក់ថា កូរ៉េខាងជើងមិនធ្លាប់បានធ្វើតេស្ដមីស៊ីល ICBM ឬអាវុធនុយក្លេអ៊ែរឡើយ ចាប់តាំងពីឆ្នាំ២០១៧មក។ ប៉ុន្តែនៅក្នុងឆ្នាំ២០២២នេះ, ព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល ឬអាវុធចំនួន ៩លើកមកហើយ ក្នុងនោះការធ្វើតេស្ដចុងក្រោយគេបំផុតគឺធ្វើឡើងកាលពីថ្ងៃទី៤ ខែមីនា៕