(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសកូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើន នៅប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីទទួលបានព័ត៌មានលម្អិតជាក់ស្តែងភ្លាមៗ ស្តីអំពីសកម្មភាពយោធា របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

KCNA បានរាយការណ៏ថា នៅពេលចុះត្រួតពិនិត្យ រដ្ឋបាលអភិវឌ្ឍន៏លំហអាកាសជាតិរបស់កូរ៉េខាងជើង លោក គីម បាននិយាយថា ផ្កាយរណបឈ្លបយកការណ៏យោធាយ៉ាងច្រើន នឹងត្រូវដាក់ពង្រាយនៅក្នុងទីអវកាស កំលុងផែនការរយៈពេល៥ឆ្នាំ ដែលត្រូវបានប្រកាសកាលពីឆ្នាំមុន។

លោកគីម បានកត់សម្គាល់ថា គោលបំណងនៃការអភិវឌ្ឍន៏ និងប្រតិបត្តិការផ្កាយរណបឈ្លបយកការណ៏យោធានេះ គឺដើម្បីផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង ទទួលបានព័ត៌មានទាន់ពេលជាក់ស្តែង ពីសកម្មភាពយោធាប្រឆាំងលើខ្លួន ដែលបង្កឡើងដោយអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក នៅកូរ៉េខាងត្បូង ជប៉ុន និងតំបន់ប៉ាស៊ីហ្វិក។

កន្លងមក កូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្តប្រព័ន្ធសម្រាប់អភិវឌ្ឍផ្កាយរណបស៉ើបការណ៍ដ៏សំខាន់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ និងថ្ងៃទី០៥ ខែមីនា ខណៈការធ្វើតេស្តទាំងនោះ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ជឿជាក់ថា មានការប្រើប្រាស់មីស៉ីលផ្លោងបាលីស្ទិគ៕