(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសឥណ្ឌូណេស៉ី ហៅកាត់ថា BNPB នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ភ្នំភ្លើងឈ្មោះ មេរ៉ាពី (Merapi) បានផ្ទុះកាលពីយប់ថ្ងៃពុធម្សិលមិញ ដោយវាបានជះកម្អែភ្លើងនិងផេះចេញពីមាត់ភ្នំភ្លើង ចុះទៅតាមជម្រាលភ្នំ ដែលជាហេតុធ្វើឱ្យប្រជាជនសរុបជាង២៥០នាក់ ដែលរស់នៅក្បែរៗនោះ ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

ហេតុការណ៍ផ្ទុះភ្នំភ្លើង Merapi ដែលស្ថិតនៅព្រំប្រទល់រវាងខេត្តជ្វាកណ្តាល និងខេត្តយោគយ៉ាការតា (Yogyakarta) បានកើតឡើង កំលុងពេលយប់កណ្តាលអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ។ កំអែភ្លើងនិងផេះដែលវាបញ្ចេញមក បានហូរចុះតាមជម្រាលភ្នំចម្ងាយ៥គីឡូម៉ែត្រ។

អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សចំនួន២៥៣នាក់ ដែលរស់នៅតំបន់ក្បែរភ្នំភ្លើង ត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាព ខណៈកម្ទេចផេះបានធ្លាក់គ្របដណ្តប់លើភូមិឋានមួយចំនួន។ ទោះជាបែបនេះក្តី ពុំទាន់មានសេចក្តីរាយការណ៍អំពី មនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នៅឡើយទេ។

គួរបញ្ជាក់ថា ភ្នំភ្លើង Merapi ដែលមានកម្ពស់ជិត៣,០០០ម៉ែត្រ គឺជាភ្នំភ្លើងដ៏សកម្មមួយរបស់ប្រទេសឥណ្ឌូណេស៉ី ហើយបច្ចុប្បន្នវាក៏កំពុងស្ថិតក្រោម ការតាមដានកម្រិតខ្ពស់បំផុតទី២ រួចស្រាប់ផងដែរ។ កាលពីខែធ្នូ ឆ្នាំទៅមិញនេះ ភ្នំភ្លើងឥណ្ឌូណេស៉ីមួយទៀតឈ្មោះថា សេម៉េរូ (Semeru) នៅខេត្តជ្វាខាងកើត បានផ្ទុះឡើង និងផ្តាច់ជីវិតមនុស្សជិត៦០នាក់៕