(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្ញើសារអបអរសាទរដល់លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។
នៅក្នុងសារអបអរសាទរ, លោក គីស៊ីដា ក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថារូបលោកអាចនឹងធ្វើការយ៉ាងជិតសិទ្ធជាមួយលោក យូន ដើម្បីស្ដារទំនាក់ទំនង រវាងកូរ៉េខាងត្បូង និងជប៉ុន ឱ្យប្រសើរឡើង។
លោក គីស៊ីដា បានបញ្ជាក់ដូច្នេះថា «ខ្ញុំសូមអបអរសាទរអស់ពីដួងចិត្តចំពោះជ័យជម្នះរបស់លោក (លោក យូន) ក្នុងការបោះឆ្នោតនេះ។ ជាពិសេស នៅពេលនេះគឺជាពេលដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរដ៏ធំ...ដូច្នេះទំនាក់ទំនងល្អរវាងជប៉ុន និងកូរ៉េខាងត្បូង គឺជារឿងចាំបាច់មិនអាចខ្វះបាន»។
គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោត លោក យូន ទទួលបានសំឡេងគាំទ្រ ៤៨.៦ភាគរយ ខណៈគូប្រជែងមកពីគណបក្សកាន់អំណាចគឺ លោក លី ជេ ម្យុន (Lee Jae-myung) ទទួលបានសំឡេងគាំទ្រ ៤៧.៨ភាគរយ។ លោក យូន មានអាយុ៦១ឆ្នាំ នឹងត្រូវស្បថឡើងកាន់តំណែងជាប្រធានាធិបតី កូរ៉េខាងត្បូងដោយមានអាណត្តិ៥ឆ្នាំ ជំនួសលោក មូន ចេអ៉ីន នៅខែឧសភាខាងមុខនេះ៕