(ប៉េកាំង)៖ អគ្គរដ្ឋបាលគយរបស់ប្រទេសចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៉ី សម្រាប់ខែមករា-ខែកុម្ភៈ ឆ្នាំនេះ បានកើនក្នុងអត្រា៣៨.៥ភាគរយ គឺឡើងដល់២៦.៤៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងកំលុងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

របាយការណ៍ខាងលើដដែលបានបន្តថា ការនាំចេញរបស់ប្រទេសចិនទៅកាន់រុស្ស៉ី បានកើនឡើង៤១.៥ភាគរយ ក្នុងរយៈពេល ២ខែនោះ ហើយស្មើនឹងខ្ទង់១២.៦២ពាន់លានដុល្លារ។ រីឯការនាំចូលនៃទំនិញក៏ដូចជាសេវាកម្មរបស់រុស្ស៉ី មកកាន់ប្រទេសចិនវិញ បានកើន៣៥.៧ភាគរយ គឺដល់ទំហំ១៣.៨១ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ទំហំនៃការធ្វើពាណិជ្ជកម្មរវាងចិននិងរុស្ស៉ី កាលពីឆ្នាំ២០២០ បានថយចុះ២.៩ភាគរយ គឺមកនៅត្រឹម ១០៧.៧៦ពាន់លានដុល្លារ ដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19 ប៉ុន្តែនៅក្នុងឆ្នាំ២០២១ វាបានកើនឡើងវិញ ៣៥.៨ភាគរយ ដោយឈានដល់ទំហំកំណត់ត្រាមួយគឺ ១៤៦.៨៨ពាន់លានដុល្លារ៕