(ឡុងដ៍)៖ រដ្ឋមន្រ្តីមហាផ្ទៃនៃចក្រភពអង់គ្លេស លោកស្រី ព្រីទី ផាធែល (Priti Patel) បានអំពាវនាវឲ្យស្ថាប័នប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ អាំទែរប៉ូល ព្យួរសមាជិកភាពរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ចុងសប្ដាហ៍កន្លងទៅនេះ ដោយលើកឡើងពីហេតុផលថាទីក្រុងម៉ូស្គូ បង្កការគំរាមកំហែង ដោយផ្ទាល់ដល់ការអនុវត្តច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរស្ស៊ី RT នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៏មួយ លោកស្រី ផាធែល បានប្រកាសថា លោកស្រីបានសរសេរលិខិតមួយ ជាមួយសមភាគីអាមេរិក, កាណាដា អូស្រ្តាលី និង នូវែលសេឡង់ ដោយអំពាវនាវឱ្យស្ថានប័នអាំងទែរប៉ូល ធ្វើការសម្រេចចិត្តនៅក្នុងសប្តាហ៍នេះ ស្របតាមច្បាប់របស់ខ្លួន។

លោកស្រីបន្ថែមថា កាលពីសប្តាហ៍មុនចក្រភពអង់គ្លេស បាននាំមុខក្នុងកិច្ចប្រឹងប្រែងជាអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលរស្ស៊ីត្រូវបានព្យួរពី សមាជិកអាំងទែរប៉ូល បន្ទាប់ពីមានសំណើរបស់អ៊ុយកែ្រន៕