(វីលនីញូស)៖ ប្រធានាធិបតីលីទុយអានី លោក ហ្ស៊ីតាណាស់ ណូសេដា (Gitanas Nauseda) នៅថ្ងៃចន្ទនេះបានព្រមានថាបរាជ័យក្នុងការបញ្ឈប់ ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាទង្វើឈ្លានពាន អាចនឹងបង្កទៅជាជម្លោះសកល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

ការព្រមានរបស់លោក Gitanas Nauseda ធ្វើឡើងនៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានបំពេញទស្សនកិច្ចនៅលីទុយអានី។ ថ្លែងនាឱកាសនោះ លោក Nauseda បានបញ្ជាក់ដូច្នេះថា «មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិន បញ្ឈប់សកម្មភាពនៅអ៊ុយក្រែនឡើយ...ដូច្នេះពិភពលោកមានកាតព្វកិច្ចជួយប្រជាជនអ៊ុយក្រែន តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»

លោកបន្ថែមថាការជួយប្រជាជនអ៊ុយក្រែន តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន គឺចង់សំដៅទៅលើប្រសិនបើយើងចង់បញ្ចៀសសង្រ្គាមលោកលើកទី៣ ជម្រើសគឺនៅក្នុងដៃរបស់ពួកយើង។

គួរបញ្ជាក់ថា លីទុយអានីដែលជាសមាជិក NATO បានបញ្ជូនជំនួយយោធាទៅកាន់អ៊ុយក្រែន ហើយយល់ព្រមទទួលយកជនភៀសខ្លួនអ៊ុយក្រែនមួយចំនួនតូចចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាតាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។ ក្រោយបញ្ចប់ទស្សនកិច្ចនៅលីទុយអានី, លោក Blinken នឹងបន្ត ដំណើរទៅកាន់ប្រទេសឡេតូនីនៅថ្ងៃចន្ទនេះ និងអេស្ដូនី នៅថ្ងៃអង្គារស្អែកនេះ៕