(កៀវ)៖ នៅថ្ងៃអាទិត្យនេះ យោធាអ៊ុយក្រែនបានអះអាងថា កងទ័ពរុស្ស៉ីកើនដល់ជាង ១១,០០០នាក់ហើយ ត្រូវបានសម្លាប់ គិតចាប់តាំងពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Independent នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។
យោធាអ៊ុយក្រែនបានបន្ថែមថា ខាងរុស្ស៉ីក៏បានបាត់បង់សព្វាវុធ និងបរិក្ខាយោធាសរុបជាង ២,០០០គ្រឿងផងដែរ ក្នុងនោះរួមមានទាំង រថក្រោះ២៨៥គ្រឿង, យន្តហោះយោធា៤៤គ្រឿង និងឧទ្ធម្ភាគចក្រ៤៨គ្រឿង។ យ៉ាងណាមិញ អ៊ុយក្រែនមិនបានរាយការណ៍ឱ្យដឹងពី ចំនួនកងទ័ពរងគ្រោះនៅខាងខ្លួនផ្ទាល់ឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានអះអាងថា កងទ័ពខ្លួនត្រឹមជិត៥០០នាក់ប៉ុណ្ណោះ ដែលបានស្លាប់ គិតចាប់តាំងពីការបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែនជិត៣,០០០នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែពេលនោះដែរ ខាងអ៊ុយក្រែនបានអះអាងវិញថា កងទ័ពរុស្ស៉ីចន្លោះ៦,០០០-៧,០០០នាក់ គឺត្រូវបានសម្លាប់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ៕