(កៀវ)៖ ចំនួនជនភៀសខ្លួនដែលរត់គេចពីសង្រ្គាមនៅអ៊ុយក្រែន ត្រូវរំពឹងថានឹងកើនដល់ ១.៥លាននាក់ នៅថ្ងៃអាទិត្យនេះ ស្របពេលដែល រុស្ស៉ីកំពុងបន្តការវាយប្រហាររបស់ខ្លួន ឈានចូលដល់ថ្ងៃទី១១ ហើយអ៊ុយក្រែនកំពុងបន្តទទូច ឱ្យមានការជួយជ្រោមជ្រែងបន្ថែមទៀត ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អ៊ុយក្រែននិងរុស្ស៉ីបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញភាពបរាជ័យនៃបទឈប់បាញ់ ដែលមានគោលដៅអនុញ្ញាតឱ្យប្រជាជនស៉ីវិល ភៀសខ្លួនចេញពីទីក្រុង ម៉ារីយូប៉ូល (Mariupol) និងទីក្រុងវ៉ុលណូវ៉ាខា (Volnovakha) ជាទីក្រុងពីរនៅភាគខាងត្បូងអ៊ុយក្រែន ដែលរងការវាយលុកខ្លាំងពីកងទ័ពរុស្ស៉ី។ សម្រាប់ប្រជាជនអ៊ុយក្រែន ដែលអាចភៀសខ្លួនបាន គឺពួកគេបាននាំគ្នារត់ទៅកាន់ បណ្តាប្រទេសជិតខាង ដូចជាប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី និងកន្លែងដទៃទៀត។
គួរបញ្ជាក់ថា រុស្ស៉ីបានបើកប្រតិបត្តិការយោធា ចូលទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលគិតមកទល់ពេលនេះ គឺវាបានអូសបន្លាយ១១ថ្ងៃហើយ។ ទីភ្នាក់ងារទទួលបន្ទុកកិច្ចការជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានព្យាករថា បើមើលតាមស្ថានភាពបច្ចុប្បន្ន ប្រជាជនអ៊ុយក្រែនរាប់លាននាក់ទៀត អាចនឹងត្រូវរត់ចេញពីប្រទេស៕