Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក, អាល្លឺម៉ង់ និងហូឡង់ ពង្រាយកងទ័ព, បរិក្ខាយោធាបន្ថែម ទៅកាន់លីទុយអានី

05-03-2022 17:39

(វីលនីញូស)៖ ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស ហើយសហរដ្ឋអាមេរិក នឹងបញ្ជូនកងទ័ពបន្ថែមបំពាក់ដោយរថក្រោះទៅកាន់ប្រទេសលីទុយអានី នៅចំពោះមុខស្ថានការណ៍ដ៏ផុយស្រួយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិ លីទុយអានី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក អាវីដាស់ អានូសាអ៊ូស្កាស (Arvydas Anusauskas) បានបញ្ជាក់ទៀតថាប្រទេសហូឡង់ក៏នឹងបញ្ជូនកងទ័ពបន្ថែម ឱ្យមកចូលរួមក្នុងការធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសលីទុយអានី ដែលគ្រោងនឹង ធ្វើឡើងក្នុងខែមីនានេះផងដែរ។ ប៉ុន្តែ លោកមិនបានបញ្ជាក់លម្អិតអ្វីលើសពីនេះឡើយ ដោយគ្រាន់តែបង្ហើបថាការដាក់ពង្រាយកងទ័ពបន្ថែមនេះ នឹងធ្វើឱ្យកងទ័ពបរទេស NATO ដែលកំពុងឈរជើងក្នុងទឹកដីលីទុយអានី នឹងកើនឡើងពី ៣,០០០នាក់ ក្នុងពេលបច្ចុប្បន្ន ដល់ ៤,០០០នាក់ នៅត្រឹមចុងខែមីនា ខាងមុខនេះ។

លីទុយអានី បានស្នើឱ្យអង្គការ NATO បញ្ជូនកងទ័ព និងបរិក្ខាយោធាបន្ថែម មកកាន់ប្រទេសរបស់ខ្លួន ក្រោយរុស្ស៊ីវាយអ៊ុយក្រែន៕