(មូស្គូ)៖ ទីភ្នាក់ងារឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បាននិយាយថា ខ្លួនបានសម្រេចចិត្តរឹតត្បិតការចូលទៅកាន់គេហទំព័រនៃប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យមួយចំនួន រួមមានទាំងគេហទំព័ររបស់សារព័ត៌មាន BBC ផងដែរ ទៅតាមសំណើររបស់រដ្ឋអាជ្ញា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី រូសកុមណាដហ័្សរ (Roskomnadzor)គេហទំព័រផ្សេងទៀតដែលវាត្រូវបានរឹតត្បិតលើ ការចូលប្រើប្រាស់រួមមាន គេហទំព័រព័ត៌មានឯករាជ្យ Meduza, ទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle (DW) និងគេហទំព័រជាភាសារុស្សីរបស់ វិទ្យុអាស៊ីសេរីអឺរ៉ុប និងវិទ្យុសេរីភាព Svoboda ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក៕