(ប៉េកាំង)៖ កាលពីថ្ងៃទី២ ខែមីនា វែបសាយក្រសួងការបរទេសចិន បានចេញផ្សាយអត្ថបទដែលមានអក្សរ១ម៉ឺនតួ ក្រោមចំណងជើងថា «ការពិតនៃប្រវត្តិសាស្ត្រនិងភស្តុតាងជាក់ស្ដែង ដែលអាមេរិកអនុវត្តអំពើប្រល័យពូជសាសន៍ ចំពោះជនជាតិឥណ្ឌាអាមេរិកកាំង» ដោយបានរៀបរាប់យ៉ាងលម្អិត អំពីដំណើរការសោកនាដកម្មរបស់ជនជាតិឥណ្ឌាអាមេរិកកាំង ដែលត្រូវបំផ្លាញទាំងរូបកាយនិងវប្បធម៌ បានបង្ហាញទៅកាន់មជ្ឈដ្ឋានខាងក្រៅ នូវបទឧក្រិដ្ឋកម្មដ៏ច្រើនសន្ធឹក ដែលភាគីអាមេរិកបំពានសិទ្ធិមនុស្ស តាមរយៈការពិតជាក់ស្តែង ដែលមិនអាចប្រកែកបាន។
ការសម្លាប់រង្គាល បណ្តេញចេញ និងបង្ខំឱ្យកែប្រែទម្លាប់រស់នៅ ឱ្យដូចគ្នានឹងជនជាតិស្បែកស។ល។ ចាប់តាំងពីសហរដ្ឋអាមេរិកបង្កើតរដ្ឋមក ក៏បានប្រើប្រាស់មធ្យោបាយដ៏ឃោរឃៅគ្រប់បែបយ៉ាង ដើម្បីដកហូតសិទ្ធិរស់រានមានជីវិត និងសិទ្ធិនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌របស់ជនជាតិឥណ្ឌាអាមេរិកកាំង។ មិនថាយោងតាមច្បាប់អន្តរជាតិក្តី ឬក៏ច្បាប់ក្នុងស្រុក របស់សហរដ្ឋអាមេរិកក៏ដោយ ទង្វើដែលសហរដ្ឋអាមេរិកបានប្រព្រឹត្ត ចំពោះជនជាតិឥណ្ឌាអាមេរិកកាំង សុទ្ធតែជាទង្វើប្រល័យពូជសាសន៍ដ៏សុទ្ធសាធ។
តាមតួលេខស្ថិតិបង្ហាញឱ្យឃើញថា ចំនួនជនជាតិឥណ្ឌាអាមេរិកកាំងត្រូវកាត់បន្ថយយ៉ាងខ្លាំង ពីចំនួន៥លាននាក់ នៅឆ្នាំ១៤៩២ មកនៅត្រឹម២សែន ៥ម៉ឺននាក់ នៅដើមសតវត្សរ៍ទី២០។ ទន្ទឹមនឹងការកាត់បន្ថយយ៉ាងខ្លាំង នៃចំនួនជនជាតិឥណ្ឌាអាមេរិកកាំង ការបង្ខំឱ្យកែប្រែទម្លាប់រស់នៅ និងការបំផ្លាញវប្បធម៌ ដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅលើ ជនជាតិឥណ្ឌាអាមេរិកកាំង ក៏គួរឱ្យព្រឺព្រួចផងដែរ ឧទាហរណ៍ដូចជា បានដកហូតសិទ្ធិស្វយ័តរបស់កុលសម្ព័ន្ធ នៃជនជាតិឥណ្ឌាអាមេរិកកាំងទាំងស្រុង ដែលនាំឱ្យជនជាតិឥណ្ឌាអាមេរិកកាំងមានភាពក្រីក្រ បំផ្លាញវប្បធម៌នៃជនជាតិឥណ្ឌាអាមេរិកកាំង ហាមឃាត់មិនឱ្យកុមារជនជាតិឥណ្ឌាអាមេរិកកាំង និយាយភាសារបស់ជនជាតិខ្លួនជាដើម ដែលបានបណ្តាលឱ្យជនជាតិឥណ្ឌាអាមេរិកកាំងនៅសហរដ្ឋអាមេរិក នៅតែប្រឈមមុខនឹងវិបត្តិខាងការអភិវឌ្ឍ និងការរស់រានមានជីវិតដ៏ធ្ងន់ធ្ងរ រហូតមកទល់បច្ចុប្បន្ននេះ។ ពួកគេមានលក្ខណៈសម្បត្តិរស់នៅកាន់តែអាប់អួរ ខ្វះការធានារបបសន្ដិសុខសង្គមនិងមានឋានៈនយោបាយទាប ឋានៈទន់ខ្សោយរបស់ជនជាតិឥណ្ឌាអាមេរិកកាំង គឺត្រូវបានដាក់កំហិតយ៉ាងខ្ជាប់ខ្ជួន។
ក្នុងរយៈពេលយូរណាស់មកហើយ សហរដ្ឋអាមេរិកបានចាត់ទុកខ្លួនជា «គ្រូជំនាញសិទ្ធិមនុស្ស» ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសដទៃតាមតែទំនើងចិត្ត តែបែរជាខិតខំប្រឹងប្រែងលាក់បាំង សភាពការណ៍អាក្រក់ខាងសិទ្ធិមនុស្សរបស់ខ្លួន ហើយបានរងការរិះគន់យ៉ាងទូលំទូលាយលើផ្ទៃអន្តរជាតិ។ ឆ្លងតាមរយៈកាលៈទេសៈជាច្រើន ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិជាដើម ប្រទេសជាច្រើនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិកដែលអនុវត្តការប្រល័យពូជសាសន៍ ទៅលើជនជាតិឥណ្ឌាអាមេរិកកាំង ព្រមទាំងបំពានសិទ្ធិមនុស្សរបស់ជនជាតិឥណ្ឌាអាមេរិកកាំងនាពេលបច្ចុប្បន្ននេះ ដើម្បីដាស់តឿនឱ្យសហរដ្ឋអាមេរិកពិចារណា ពីកំហុសរបស់ខ្លួនព្រមទាំងកែតម្រូវកំហុសយ៉ាងម៉ត់ចត់ ។
ប្រឈមមុខនឹងសំឡេងរិះគន់ដែលលាន់ឮមិនដាច់ រដ្ឋាភិបាលអាមេរិកកុំធ្វើពុតជាស្តាប់មិនឮ។ សហរដ្ឋអាមេរិកចាំបាច់ត្រូវប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ ដែលខ្លួនបានប្រព្រឹត្តិទៅលើជនជាតិឥណ្ឌាអាមេរិកកាំង។ មិនថាវាបានប្រើប្រាស់ស្តង់ដារពីរ លើបញ្ហាសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏កំណត់ត្រាក្នុងប្រវត្តិសាស្ត្រ និងការពិតជាក់ស្តែងជាច្រើន សុទ្ធតែបានបញ្ជាក់ហើយថា ការប្រល័យពូជសាសន៍ជាស្នាមកខ្វក់របស់សហរដ្ឋអាមេរិក ដែលមិនអាចលាងជម្រះបានក្នុងប្រវត្តិសាស្ត្រ របាំងមុខក្លែងក្លាយនៃអ្វីដែលហៅថា «អ្នកគាំពារសិទ្ធិមនុស្ស» ត្រូវបានបែកខ្ទេចទាំងស្រុងរួចទៅហើយ!