(ប៉ារីស)៖ សហព័ន្ធសត្វឆ្មាអន្តរជាតិ (FIFe) បានសម្រេចចេញការហាមឃាត់លើ សត្វឆ្មាទាំងអស់របស់រុស្ស៉ី មិនឱ្យចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ពិព័រណ៍នានាឡើយ ដោយសារតែប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២។

ក្រុមប្រឹក្សាភិបាលរបស់ FIFe បានសង្កត់ធ្ងន់ថា ការសម្រេចដូចខាងលើ គឺដោយសារតែការភ្ញាក់ផ្អើលនិងក្តីរន្ធត់ នៃការវាយប្រហាររបស់រុស្ស៉ីទៅលើអ៊ុយក្រែន ដែលបង្កឱ្យជនស្លូតត្រង់ជាច្រើននាក់បាត់បង់ជីវិត ខណៈជាច្រើននាក់ផ្សេងទៀត បានរងរបួស និងរាប់សែននាក់ ត្រូវព្រាត់ប្រាស់ពីផ្ទះសម្បែងរបស់ពួកគេ។

សហព័ន្ធ FIFe បានបន្ថែមថា ពួកគេនឹងជួយរៀបចំឱ្យមានការបរិច្ចាគ ដើម្បីគាំទ្រដល់ក្រុមអ្នកបង្កាត់ពូជសត្វឆ្មា នៅអ៊ុយក្រែន ហើយនឹងអនុវត្តបម្រាមប្រឆាំងសត្វឆ្មារុស្ស៉ីនេះ រហូតទាល់តែដល់យ៉ាងហោចថ្ងៃទី៣១ ខែឧសភា ខណៈវាអាចនឹងត្រូវបន្លាយហួសពេលនោះទៅទៀត ដោយអាស្រ័យលើប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា FIFe គឺជាអង្គការអន្តរជាតិមួយ មានមូលដ្ឋាននៅទីក្រុងប៉ារីសនៃប្រទេសបារាំង ហើយមានសមាជិកចំនួន៤១ មកពីប្រទេសសរុបចំនួន៣៩ នៅក្នុងតំបន់អឺរ៉ុប អាមេរិកខាងត្បូង និងអាស៉ី។ អង្គការនេះទទួលបន្ទុករៀបចំព្រឹត្តិការណ៍ដល់ទៅជាង ៧០០លើក ក្នុងមួយឆ្នាំៗ ហើយសត្វឆ្មាមកពីគ្រប់ទិសទីជាង ២០០,០០០ក្បាល ត្រូវយកទៅបង្ហាញខ្លួនក្នុងកម្មវិធីទាំងនោះ៕