(សេអ៊ូល)៖ កូរ៉េខាងត្បូង ចង់ឱ្យក្រុមហ៊ុនរបស់ខ្លួនត្រូវបានដកចេញពីវិធានការដាក់ទណ្ឌកម្មនាំចេញប្រឆាំងរុស្ស៊ី ពាក់ព័ន្ធនឹងផលិតផលដែលមិនមែន ជាសម្ភារយុទ្ធសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មានរុស្ស៊ី Sputnik ដោយផ្អែកលើសេចក្ដីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឱ្យដឹងទៀតថា ទីក្រុងសេអ៊ូល បច្ចុប្បន្ន កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ពីបញ្ហាមួយចំនួន ខណៈចង់បានការលើកលែង ឬការអនុញ្ញាតជាពិសេសឱ្យនាំចេញផលិតផលប្រើប្រាស់ បច្ចេកវិទ្យាអាមេរិក ដែលមិនមែនជាសម្ភារយុទ្ធសាស្ត្រទៅកាន់ប្រទេសដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដូចជារុស្ស៊ីជាដើម៕