(ប៉េកាំង)៖ ចាប់ពីថ្ងៃទី២ ខែមិនា លោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានទៅធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិន។ នេះជារឿងគួរឱ្យអស់សំណើច និងមានបំណងអាក្រក់ ដែលសម្តែងដោយអ្នកនយោបាយហួសសម័យ ដែលមានកេរិ៍តឈ្មោះអសោច ដូច្នេះ ដំណើរនេះពិតជាមិនអាចទាក់ទាញក្រសែភ្នែក និងមានប្រតិកម្មអ្វីទេ គ្រាន់តែជាការលេងល្បែងដោយខ្លួនឯងប៉ុណ្ណោះ។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ គប់គិតគ្នាជាមួយអ្នកនយោបាយអាមេរិកមួយចំនួន ប៉ុនប៉ងធ្វើអ្វីដែលហៅថា «ពឹងផ្អែកអាមេរិកស្វែងរកការឱ្យតៃវ៉ាន់ឯករាជ្យ» និង «ដាក់សម្ពាធទៅលើចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស» ឧបាយកលទាំងនេះមិនអាចសម្រេចបានជាដាច់ខាត ។

តើឈ្មោះ Mike Pompeo ជាមនុស្សយ៉ាងណា? សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់រួចហើយ។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកដែលមានកេរ្តិ៍ឈ្មោះអសោចនេះ អសមត្ថភាពក្នុងអំឡុងពេលកាន់មុខតំណែង កិច្ចការប៉ិនប្រសប់បំផុតរបស់គាត់ គឺដុតភ្លើងបន្ថែម បង្កើតពាក្យចចាមអារ៉ាបនិងរករឿង ដូច្នេះ ប្រព័ន្ធសារព័ត៌មានបានហៅគាត់ថា ជា «រដ្ឋមន្ត្រីការបរទេសអាមេរិកអន់បំផុតក្នុងប្រវតិ្តសាស្ត្រ» «អ្នកញុះញង់ចងគំនុំ» និង «ម៉ាស៊ីនប្រឌិតពាក្យភូតកុហក»

បំណងរបស់លោកក្នុងដំណើរទស្សនកិច្ច នៅតំបន់តៃវ៉ាន់លើកនេះ គឺមួយផ្នែក ឈ្មោះ Mike Pompeo ដែលគិតតែស្វែងរកអំណាច មិនដែលលះបង់ចោល «សុបិនធ្វើជាប្រធានាធិបតី» ទាល់តែសោះ មួយផ្នែកទៀត ចាប់ពីទទួលបានការដាក់ទណ្ឌកម្មពីប្រទេសចិន កាលពីខែមករា ឆ្នាំ២០២១មក ឈ្មោះ Pompeo រស់នៅដោយមិនស្ងប់សុខឡើយ ដូច្នេះគាត់រំពឹងទុកយ៉ាងខ្លាំង អាចចាប់ដៃជាមួយបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ ដើម្បីស្វែងរកផលកម្រៃ ហើយឆក់យកឱកាស ដូចជាទៅថ្លែងសុន្ទរកថាជាដើម ដើម្បីទទួលបានចំណូលបន្ថែម ។

មួយថ្ងៃមុននឹងឈ្មោះ Pompeo ទៅធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ រដ្ឋាភិបាលអាមេរិកអាណត្តិនេះ ក៏បានចាត់បញ្ជូនគណៈប្រតិភូ ដែលបង្កើតឡើងដោយអតីតមន្ត្រីទទួលខុសត្រូវកិច្ចការពារជាតិ និងសន្តិសុខទៅកាន់តំបន់តៃវ៉ាន់ផងដែរ។ ប្រការនេះបានបង្ហាញថា មិនថាបក្សកាន់អំណាចឬក៏បក្សមិនកាន់អំណាចរបស់អាមេរិក សុទ្ធតែចាត់ទុកតំបន់តៃវ៉ាន់ជាកូនអុក សម្រាប់ឆក់យកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងដណ្តើមបានសំឡេងឆ្នោត។

អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ គួរតែមើលឃើញស្ថានភាពឱ្យបានច្បាស់ មិនត្រូវគិតថា គ្រាន់តែទទួលបានអ្វីដែលហៅថា «គាំទ្រ» ពី ឈ្មោះ Pompeoជាដើម ក៏អាចទទួលបានថ្នូរនយោបាយ «សម្រាប់ពឹងផ្អែកអាមេរិកស្វែងរកការឱ្យតៃវ៉ាន់ឯករាជ្យ»។ ក្រៅពីដុតភ្លើងបន្ថែម ដើម្បីធ្វើឱ្យស្ថានការណ៍តំបន់ច្រកសមុទ្រតៃវ៉ាន់ មានភាពកាន់តែតានតឹង និងបំផ្លាញដល់ផលប្រយោជន៍ របស់ប្រជាជនតំបន់តៃវ៉ាន់ ដំណើរទស្សនកិច្ចរបស់ Pompeo មិនអាចដើរតួនាទីណាមួយនោះឡើយ ។

នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន នេះការពិតជាក់ស្តែងក្នុងប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន! ប្រទេសចិនចាំបាច់ត្រូវសម្រេចបាននូវការបង្រួបបង្រួម ហើយក៏អាចទទួលបានការបង្រួបបង្រួមជាមិនខាន នេះជានិន្នាការប្រវត្តិសាស្ត្រដែលមិនអាចរារាំងបាន។ មិនថាបុគ្គលអាមេរិកណាទៅកាន់តៃវ៉ាន់ និងបង្ហាញពីអ្វីដែលហៅថា «ការគាំទ្រ» សុទ្ធតែជារឿងឥតប្រយោជន៍ទាំងអស់។ អាមេរិកគួរតែគោរពគោលការណ៍ប្រទេសចិនមួយ និងការកំណត់នៃសេចក្តីប្រកាសរួមចំនួន៣រវាងចិននិងអាមេរិក បញ្ឈប់ប្រព្រឹតិ្តទង្វើបណ្តែតបណ្តោយនិងគាំទ្រ «ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ» បញ្ឈប់គ្រោងការប៉ុនប៉ង «ដាក់សម្ពោធទៅលើចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស»។ អ្នកណាក៏មិនអាចមើលស្រាលចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុតនិងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះឡើយ៕