(វ៉ាស៉ីនតោន)៖ យោធាអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា ខ្លួននឹងពន្យារពេលសិនចំពោះ ការធ្វើតេស្តបាញ់មីស៉ីលផ្លោងឆ្លងទ្វីប (ICBM) មីនុតមែន ស៉្រី (Minuteman III) ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង នៃអាវុធនុយក្លេអ៊ែរជាមួយប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បាននិយាយយ៉ាងដូច្នេះថា «ចំពោះមុខភាពតានតឹងនាពេលនេះ យើងទទួលស្គាល់ថា វាជារឿងសំខាន់ជាខ្លាំងដែលទាំងសហរដ្ឋអាមេរិកនិងរុស្ស៉ី ត្រូវគិតគូរជាប់ជានិច្ចអំពីហានិភ័យនៃការគណនាខុស ហើយបោះជំហានដើម្បីកាត់បន្ថយហានិភ័យទាំងនោះ»។

អ្នកនាំពាក្យអាមេរិករូបនេះបានបន្តថា «ការសម្រេចចិត្តពន្យារពេលការធ្វើតេស្តមីស៉ីល ICBM នេះ មានន័យចង់ស្តែងឱ្យឃើញថា យើងមិនមានចេតនា ធ្វើសកម្មភាពណាមួយ ដែលអាចបង្កការភាន់ច្រឡំ ឬយល់ខុសនោះឡើយ។ យើងមិនបានសម្រេចចិត្តដោយងាយៗនោះទេ ប៉ុន្តែដើម្បីបង្ហាញថា ពួកយើងជាមហាអំណាចនុយក្លេអ៊ែរ ដែលមានការទទួលខុសត្រូវ»។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសឱ្យបង្កើនការត្រៀមលក្ខណៈកម្រិតខ្ពស់ នៃកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោក ដែលប្រការនេះបង្កមន្រ្តីអឺរ៉ុបមួយចំនួនចាត់ទុកថា វាគឺជាព្រមានចំពោះក្រុមប្រទេសលោក ខាងលិច ហើយនាំមានក្តីបារម្ភថា ការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន អាចឈានទៅដល់ការផ្ទុះអាវុធនុយក្លេអ៊ែរ៕