(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាខ្លួននឹងធ្វើតាមការអំពាវនាវរបស់ មេដឹកនាំអាស៊ាន ដោយនឹងអញ្ជើញអ្នកតំណាងមិនមែនអ្នកនយោបាយពីមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយយោធា មកចូលរួមកិច្ចប្រជុំកំពូល ជាមួយប្លុកប្រទេសទាំង ១០ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃ ព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថាសហរដ្ឋអាមេរិកគាំទ្រការសម្រេចចិត្តរបស់អាស៊ាន ក្នុងការអញ្ជើញអ្នកតំណាង មិនមែនជាអ្នកនយោបាយពីមីយ៉ាន់ម៉ា មកចូលរួមកិចប្រជុំអាស៊ានកម្រិតខ្ពស់។ អ្នកនាំពាក្យរូបនេះបញ្ជាក់ដូច្នេះថា «យើងបានសម្រេចចិត្តដូចគ្នា ក្នុងការអញ្ជើញអ្នកតំណាងមិនមែនជាអ្នកនយោបាយពីមីយ៉ាន់ម៉ា មកចូលក្នុងកិច្ចប្រជុំកំពូល។ របបយោធាមីយ៉ាន់ម៉ា បានបរាជ័យក្នុងការអនុវត្ត តាមគោលការណ៍កង់សង់ស៊ីស៥ ចំណុចរបស់អាស៊ាន ហើយពួកគេត្រូវតែទទួលខុសត្រូវ»

គួរបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន មានផែនការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសរវាងសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ាន នៅថ្ងៃទី២៨ និង ២៩ ខែមីនានេះ៕