(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR បានឱ្យដឹងថា ជនភៀសខ្លួនជាង ៨៧៤,០០០នាក់បានភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន និងស្វែងរកកន្លែងសុវត្ថិភាពនៅក្នុងប្រទេសផ្សេងទៀត ដើម្បីគេចចេញពី ការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមិនា ឆ្នាំ២០២២។

បើតាម UNHCR មនុស្សរាប់លាននាក់ផ្សេងទៀត ត្រូវបានប៉ាន់ស្មានថាត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងប្រទេស។ បច្ចុប្បន្ន ជនភៀសខ្លួនភាគច្រើន កំពុងស្នាក់នៅក្នុងប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៥ ដែលនៅជិតខាងអ៊ុយក្រែន ដូចជា ប៉ូឡូញ, ហុងគ្រី, រូម៉ានី, ម៉ុលដាវី និងស្លូវ៉ាគី។ ចំណែកឯ មនុស្សប្រហែល ៧០,០០០នាក់បានទៅដល់បណ្តាប្រទេសអឺរុប ដែលមិនមានព្រំដែនជាមួយអ៊ុយក្រែន ដូចជាអាល្លឺម៉ង់ អ៉ីតាលី ឬក្រិក។

ខណះដែលចំនួនមនុស្សរត់ភៀសខ្លួនពីប្រទេសអ៊ុយក្រែនឈានជិតដល់មួយលាននាក់ បណ្តាប្រទេសនៅអឺរ៉ុប កាន់តែច្រើនត្រូវបានស្នើឱ្យទទួល យកជនភៀសខ្លួន។ តែក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសហុងគ្រី និងក្រិក ដែលត្រូវបានគេស្គាល់ថាមានជំហរតឹងរ៉ឹងលើការទទួលយក ប្រជាជនជនចំណាកស្រុក៕