(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថាកងទ័ពរុស្ស៊ី ៤៩៨នាក់ បានស្លាប់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន និង១,៥៩៧នាក់ផ្សេងទៀត បានរងរបួស ដែលនេះគឺជាការចេញរបាយការណ៍លើកដំបូងបំផុតពីចំនួនកងទ័ពស្លាប់ និងរងរបួសរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីលោក ពូទីន បើកប្រតិបត្តិការយោធាកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២២។
ជាមួយការចេញផ្សាយរបាយការណ៍ខាងលើ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក អ៉ីហ្គ័រ កូណាឈិនកូវ (Igor Konashenkov) កាលពី ថ្ងៃពុធសប្ដាហ៍នេះ ក៏បានច្រានចោលផងដែររបាយការណ៍ដែលថាកងទ័ពរុស្ស៊ីរាប់ពាន់នាក់បានស្លាប់ដោយចាត់ទុកថា វាជាព័ត៌មានក្លែងក្លាយ។ លោកបន្ថែមថាក្រុមគ្រួសារសាច់ញាតិរបស់កងទ័ពរុស្ស៊ី ដែលពលីជីវិតនឹងទទួលបានជំនួយចាំបាច់នានា។
គួរបញ្ជាក់ថា បើតាមលោក Konashenkov កងទ័ពអ៊ុយក្រែនច្រើនជាង ២,៨៧០នាក់ ត្រូវបានសម្លាប់ និងជាង ៣,៧០០នាក់រងរបួស ខណៈ៥៧២នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ អ៊ុយក្រែនកាលពីថ្ងៃពុធនោះដែរបានអះអាងថាកងទ័ពរុស្ស៊ីជិត ៦,០០០នាក់ ឯណោះត្រូវបាន សម្លាប់៕