(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់ចិន ធ្លាប់បានស្នើទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី កាលពីដើមខែកុម្ភៈកន្លងទៅ កុំឱ្យបើកការវាយប្រហារលើ អ៊ុយក្រែន រហូតចាំដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប្រចាំទីក្រុងប៉េកាំង បិទបញ្ចប់សិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មាន New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីរដ្ឋបាលលោក បៃដិន និងមន្ត្រីអឺរ៉ុប ដែលបានបញ្ជាក់ថា ពួកគេបានដឹងរឿងមួយនេះពីរបាយការណ៍សម្ងាត់របស់លោកខាងលិច។ សារព័ត៌មានអាមេរិកមួយនេះបានឱ្យដឹងទៀតថា បើតាមរបាយការណ៍សម្ងាត់ដដែល ក្រុមមន្ត្រីចិនបានដឹងមុនខ្លះៗពីផែនការ ឬចេតនារបស់រុស្ស៊ីក្នុងការបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន នៅមុនពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ប៉ុន្តែ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ New York Times អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក លោក លុយ ប៉េងយូ (Liu Pengyu) បានអះអាងថាវាគឺជារឿងមិនពិត។ លោកបញ្ជាក់ដូច្នេះថា «ការអះអាងទាំងឡាយនៅក្នុងរបាយការណ៍នោះ គឺជាការប៉ាន់ស្មាន ដោយមិនមានមូលដ្ឋានអ្វីទាល់តែសោះ និងមានចេតនាមួលបង្កាច់ទម្លាក់កំហុសលើចិនតែប៉ុណ្ណោះ»

ចំណែកឯ ក្រសួងការបរទេសអាមេរិក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន ក៏មិនទាន់បានធ្វើ អត្ថាប្បាយអ្វីពាក់ព័ន្ធនឹងការចុះផ្សាយរបស់ New York Times នោះដែរ៕