Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌាចាប់ផ្តើមបញ្ជូនជំនួយមនុស្សធម៌ និងបរិក្ខាពេទ្យ ឱ្យអ៊ុយក្រែន

02-03-2022 17:48

(ញូដេលី)៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមបញ្ជូនយន្តហោះជាបន្តបន្ទាប់ ដើម្បីដឹកជំនួយមនុស្សធម៌ ព្រមទាំងបរិក្ខាពេទ្យ ទៅកាន់អ៊ុយក្រែន បន្ទាប់ពីរុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ ចូលក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hindustan Times នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។

យន្តហោះដឹកជំនួយរបស់ឥណ្ឌា នឹងធ្វើដំណើរទៅចុះចតនៅប្រទេសជិតខាងរបស់អ៊ុយក្រែន រួមមានដូចជាប៉ូឡូញ និងរ៉ូម៉ានី ជាដើម។ ក្រោយពីទម្លាក់ជំនួយចុះរួចហើយ យន្តហោះទាំងនោះក៏ត្រូវគេរំពឹងថា នឹងនាំយកពលរដ្ឋឥណ្ឌា ដែលបានជម្លៀសខ្លួនចេញពីអ៊ុយក្រែន ត្រឡប់ទៅប្រទេសកំណើតវិញផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងប្រឈមវិបត្តិមនុស្សធម៌យ៉ាងធំមួយ បន្ទាប់ពីរុស្ស៉ីបានលើកទ័ពវាយប្រហារទៅលើខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីឡិនស្គី (Volodymyr Zelensky) បានអះអាងថា ជនស៉ីវិលយ៉ាងហោច៣០០នាក់ ក្នុងនោះមានកុមារ១៤នាក់ បានបាត់បង់ជីវិត ដោយសារតែសង្រ្គាម៕