(កៀវ)៖ ការវាយលុកខ្លាំងរបស់រុស្ស៊ីលើអ៊ុយក្រែន បានបណ្តាលឲ្យឆាបឆេះជាច្រើនកន្លែង។ លោកប្រធានាធីបតី វ៉ូឡូឌីមៀ ហ្សេលែនស្គី បានលើកឡើងថា បើទោះបីជាមានការអំពាវនាវសម្រាប់ជំនួយអន្តរជាតិបន្ថែមទៀតក៏ដោយ ប៉ុន្តែ រហូតមកដល់ពេលនេះអ៊ុយក្រែននៅតែ ប្រឈមមុខនឹងការវាយលុករបស់ទីក្រុងម៉ូស្គូតែម្នាក់ឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

ចាប់តាំងពីថ្ងៃអង្គារមក ទីតាំងសំខាន់ៗក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន បានរងនូវការវាយប្រហារ រួមទាំងអគារនៅកណ្តាលរដ្ឋធានីកៀវ និងការទម្លាក់គ្រាប់បែកលើទីក្រុងធំទីពីររបស់អ៊ុយក្រែនគឺ Kharkiv ។

ដោយឡែក បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មនុស្សយ៉ាងហោច ១៣៦នាក់ រួមទាំងកុមារ១៣នាក់ ត្រូវបានសម្លាប់ ចាប់តាំងពី ប្រទេសរុស្ស៊ីបើការឈ្លានពាន កាលពីថ្ងៃព្រហស្បតិ៍ ហើយជនស៊ីវិល ៤០០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈតួលេខនេះអាចនឹងកើនឡើង៕