ក្រុមថ្នាក់ដឹកនាំតៃវ៉ាន់ ប្រកាសបរិច្ចាគប្រាក់ខែទៅក្នុង ជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន (Video inside)
02-03-2022 14:40
(តៃប៉ិ)៖ ប្រធានាធីបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធនេះ បានប្រកាសថា លោកស្រី ព្រមទាំងអនុប្រធានាធិបតី លោក វីលៀម ឡៃ (William Lai) និងនាយករដ្ឋមន្រ្តី លោក ស៊ូ សេងចាង (Su Tseng-chang) នឹងបរិច្ចាគប្រាក់ខែម្នាក់មួយខែ ទៅកាន់ ជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន ដែលកំពុងបន្តស្ថិតក្រោមការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។
លោកស្រីប្រធានាធិបតីតៃវ៉ាន់បានឱ្យដឹងថា គណនីធនាគារមួយនឹងត្រូវបង្កើតឡើង សម្រាប់ការបរិច្ចាគថវិកាជួយដល់ប្រទេសអ៊ុយក្រែន ហើយលោកស្រីផ្ទាល់ រួមជាមួយលោក ឡៃ និងលោក ស៊ូ នឹងបរិច្ចាគប្រាក់ខែម្នាក់មួយខែ ទៅក្នុងនោះដែរ។ លោកស្រី សៃ បានបន្តថា ការតាំងចិត្តតស៊ូយ៉ាងមុតមាំរបស់អ៊ុយក្រែន បានធ្វើឱ្យពិភពលោក និងតៃវ៉ាន់ស្ញប់ស្ញែងជាខ្លាំង ដូច្នេះហើយ ក្នុងនាមជាសមាជិក នៃដៃគូក្រុមប្រជាធិបតេយ្យ ក្នុងសកលលោក តៃវ៉ាន់នឹងជួយផ្តល់ការគាំទ្រពេញទំហឹងដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា ឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន តៃវ៉ាន់បានប្រកាសចូលរួមជាមួយ ក្រុមប្រទេសលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ ហើយក៏ទើបតែបានបញ្ជូន កញ្ចប់ជំនួយដំបូងរបស់ខ្លួន ក្នុងទម្រង់ជាបរិក្ខាពេទ្យ ២៧តោន ដល់អ៊ុយក្រែនផងដែរ៕