Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តៃវ៉ាន់បញ្ជូនគ្រឿងបរិក្ខាពេទ្យ ២៧តោន ឱ្យទៅអ៊ុយក្រែន (Video inside)

01-03-2022 10:06

(តៃប៉ិ)៖ តៃវ៉ាន់នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ខ្លួនបានបញ្ជូនគ្រឿងបរិក្ខាវេជ្ជសាស្រ្តសរុប២៧តោន ទៅកាន់ប្រទេសអ៊ុយក្រែន ដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

ក្រសួងការបរទេសតៃវ៉ាន់និយាយថា គ្រឿងបរិក្ខាទាំងនោះត្រូវបានដឹកជញ្ជូនចេញពីតៃវ៉ាន់ កាលពីវេលាយប់ថ្ងៃចន្ទម្សិលមិញនេះ ក្នុងជើងហោះហើរឆ្ពោះទៅកាន់ ទីក្រុងហ្រ្វាំងហ្វឺត (Frankfurt) របស់អាល្លឺម៉ង់ ហើយនឹងត្រូវបញ្ជូនបន្តទៅកាន់អ៊ុយក្រែន តាមផ្លូវនិងមធ្យោបាយសមស្រប។

ក្រសួងតៃវ៉ាន់បានបន្ថែមយ៉ាងដូច្នេះថា «តៃវ៉ាន់ក្នុងនាមជាសមាជិក នៃក្រុមប្រទេសប្រជាធិបតេយ្យរបស់សហគមន៍អន្តរជាតិ ស្ម័គ្រជានិច្ចក្នុងការធ្វើសកម្មភាព ក្រោមស្មារតី «តៃវ៉ាន់អាចជួយបាន» និងឈរលើមូលដ្ឋានមនុស្សធម៌ ហើយយើងនឹងជួយផ្តល់ឱ្យអ៊ុយក្រែននូវ សម្ភារៈសង្រ្គោះផ្នែកវេជ្ជសាស្រ្ត ដែលត្រូវការជាចាំបាច់ ឱ្យបានឆាប់តាមធ្វើទៅបាន»

គួរបញ្ជាក់ថា តៃវ៉ាន់ក៏បានចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៉ី សម្រាប់ការបង្កសង្រ្គាមនៅអ៊ុយក្រែនផងដែរ៕