(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារនេះបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន ដោយក្នុងនោះមាន គោលដៅលើធនាគារជាតិចំនួន៣ រួមទាំងមន្ត្រីកំពូលៗ ៦នាក់ ក្នុងនោះរួមមានប្រធានាធិបតីលោក ពូទីន, រដ្ឋមន្ត្រីការបរទេស លោក ស៊ែរហ្គៃ ឡារ៉ូវ និងរដ្ឋមន្ត្រីការពារជាតិ លោក ស៊ែរហ្គៃ សយហ្គូ (Sergey Shoigu)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានបញ្ជាក់ដូច្នេះថា «យើងបានឯកភាពគ្នា លើភាពចាំបាច់ក្នុងការដាក់ទណ្ឌកម្មដ៏មានថាមពលប្រឆាំងនឹងរុស្ស៊ី»។ បន្ថែមពីលើនេះ ទីក្រុងតូក្យូក៏នឹងហាមឃាត់ការនាំចេញទៅកាន់ក្រុមហ៊ុន និងអង្គភាពរបស់រុស្ស៊ីចំនួន៤៩ផងដែរ៕