(កូប៉ិនហាក)៖ នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី មេទី ហ្រ្វេដឺរីគសិន (Mette Frederiksen) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានប្រកាសថា ប្រទេសដាណឺម៉ាក នឹងអនុញ្ញាតឱ្យពលរដ្ឋខ្លួនទាំងឡាយណាដែលស្ម័គ្រ អាចចូលរួមជួយអ៊ុយក្រែន ប្រយុទ្ធតទល់នឹងកងទ័ពរុស្ស៉ីបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រីនាយករដ្ឋមន្រ្តីដាណឺម៉ាក បានថ្លែងយ៉ាងដូច្នេះថា «វាគឺជាជម្រើសដែលគ្រប់គ្នាអាចជ្រើសរើសបាន គឺទាំងសម្រាប់ពលរដ្ឋអ៊ុយក្រែនទាំងអស់ ដែលស្ថិតនៅទីនោះ ក៏ដូចជាសម្រាប់អ្នកដទៃទៀត ដែលគិតថាពួកគេអាចចូលរួមចំណែកជួយដោយផ្ទាល់ ក្នុងសង្រ្គាមនៅទីនោះ»។ លោកស្រី Frederiksen បានបន្តថា ពុំមានការរារាំងប្រជាជនដាណឺម៉ាកណាម្នាក់ មិនឱ្យទៅកាន់អ៊ុយក្រែន ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធនោះឡើយ។

គួរបញ្ជាក់ថា មុនមានការប្រកាសយ៉ាងដូច្នោះពីសំណាក់នាយករដ្ឋមន្រ្តីដាណឺម៉ាក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីឡិនស្គី (Volodymyr Zelensky) ក្នុងថ្ងៃដដែល បានអំពាវនាវឱ្យជនបរទេសនានា ទាក់ទងទៅកាន់ស្ថានទូតអ៊ុយក្រែននៅជុំវិញពិភពលោក ហើយចុះឈ្មោះចូលរួមក្នុងកងកម្លាំងស្ម័គ្រចិត្តអន្តរជាតិ ដើម្បីចូលរួមជួយប្រទេសលោក ប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី៕