(កៀវ)៖ ក្រោយការវាយប្រហារទឹកដីអ៊ុយក្រែន ពីសំណាក់កងទ័ពរុស្ស៊ីនៅថ្ងៃទី៤ (ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ) បានកន្លងផុតទៅ វិនាសកម្ម និងមនុស្សបាត់បង់ជីវិតបន្ថែមទៀត ត្រូវបានរាយការណ៍។ បើតាមរបាយការណ៍ពីអ៊ុយក្រែន ជនស៊ីវិលសរុប ៣៥២នាក់ហើយបានស្លាប់ (១៤នាក់ជាកុមារ) និង ១,៦៨៤នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មា ន Reuters នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

បន្ថែមពីខាងលើនេះ, ចំនួនជនភៀសខ្លួនពីអ៊ុយក្រែន ដែលបានរត់គេចចេញពីសង្គ្រាមដើម្បីទៅជ្រកកោណ នៅតាមបណ្តាប្រទេសអឺរ៉ុបជិតខាងនោះ បានកើនឡើងដល់ជិត ៤០០,០០០សែននាក់។

ឈានចូលមកដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ គឺត្រូវជាថ្ងៃ ៥ ហើយ នៃការបញ្ជាកងទ័ពរបស់រុស្ស៊ី ឲ្យចូលទៅវាយប្រហារប្រទេសអ៊ុយក្រែន។ វាក៏បានក្លាយជាពេលវេលាដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលសហភាពអឺរ៉ុប (EU) ដែលមានសមាជិកសរុប ២៧ ប្រទេស បានសម្រេចចិត្តរួមគ្នាក្នុងការផ្គត់ផ្គង់សព្វាវុធ ទៅដល់ប្រទេសមួយ ដែលកំពុងជួបសង្គ្រាមផងដែរ។

គួរបញ្ជាក់ថា កិច្ចចរចារវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យនោះ អាចនឹងកើតឡើងនៅតំបន់ព្រំដែន ប្រទេសបេឡារុស និងអ៊ុយក្រែន, ប៉ុន្តែនៅមិនទាន់មានប្រភពណាអាចបញ្ជាក់ថា នឹងកើតឡើងនៅពេលណាឲ្យប្រាកដនៅឡើយទេ៕